សៀមរាបៈ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៦៤ ត្រង់ចំណុចមុខផ្ទះប្រជាពលរដ្ឋឈ្មោះ ខូយ ផាន់នី ភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកពីក្រោយគោយន្តកន្ត្រៃដឹកឈើ បណ្ដាលឲ្យមានមនុស្សរងរបួស។
រថយន្តបង្កម៉ាក TOYOTA បាទ្បែន ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០២ ពាក់ផ្លាកលេខរដ្ឋ 57.2-02០950 បើកបរដោយឈ្មោះ សុខ គង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុសរថយន្ត រស់នៅភូមិតាភុល សង្កាត់ស្វាដង្គំ ក្រុងសៀមរាប (គ្មានរបួស) និងអ្នករួមដំណើរ៖
ទី១ឈ្មោះ ធិប ស្រីពៅ អាយុ២០ឆ្នាំមុខរបរ សិស្ស (គ្មានរបួស) រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ទី២ឈ្មោះ ធិប រស្មី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិ-ឃុំជាមួយគ្នា (របួសធ្ងន់)។
ទី៣ឈ្មោះ ស៊ិន ដេវីដ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបររត់តុ រស់នៅភូមិ-ឃុំជាមួយគ្នា (របួសធ្ងន់)។
ទី៤ឈ្មោះ សោម សារ៉ាវុធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើករថយន្តដឹកអ្នកដំណើរ រស់នៅភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប (របួសធ្ងន់)។
ចំណែកគោយន្តកន្ត្រៃ ម៉ាក KUBOTA ពណ៌ក្រហម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីត្រូវរថយន្តបុកប៉ះរួច បានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕
មតិយោបល់