ព័ត៌មានជាតិ

បុរសជាប្តីប្រើហិង្សាលើស្រ្តីជាប្រពន្ធ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

បាត់ដំបងៈ នៅព្រឹកថ្ងៃថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រោមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នគរបាលស្រុករតនមណ្ឌល ដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុក ដឹកនាំតាមស្វែងរកចាប់ខ្លួនជនសង័្សយឈ្មោះ សោម គង់ ភេទប្រុស អាយុ ៤១ឆ្នាំ នៅចំណុចឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធនឹងករណីហិង្សាលើប្រពន្ធរបស់ខ្លួនឈ្មោះ វី ឆក អាយុ ២៨ឆ្នាំ រហូតដល់ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ហើយគេចខ្លួនបាត់ពីមូលដ្ឋាន។

សូមរំឮកថាកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹក នៅចំណុចអន្លង់ក្រពើ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវ មាសស្រុក រតនមណ្ឌល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា បណ្តាលឲ្យស្លាប់ជនរងគ្រោះ មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យជាប្តីឈ្មោះ សោម គង់ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពវាយទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ វី ឆក ភេទស្រី អាយុ ២៨ឆ្នាំ រហូតដល់ស្លាប់ បាត់បង់ជីវិតនៅក្បែរមាត់អូរមួយកន្លែងក្នុងមូលដ្ឋានខាងលើ។

ក្រោយពីធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាប្រពន្ធរួចជនសង្ស័យ បានដើរចូលទៅក្នុងភូមិដោយរកសុំខ្ចីម៉ូតូអ្នកភូមិដោយប្រាប់ថា ខ្ចីម៉ូតូជូនប្រពន្ធរបស់ខ្លួនទៅពេទ្យ ប៉ុន្តែអ្នកភូមិមិនបានឲ្យខ្ចី ម៉ូតូទេ ហើយក៏ពុំបានសាកសួរពីមូលហេតុ ឬអការៈដែល បុរសនោះចង់យកប្រពន្ធទៅពេទ្យនោះដែរ ដោយខ្ចីម៉ូតូអ្នកភូមិមិនបានជនសង្ស័យក៏គេចខ្លួនបាត់តែម្តង។
រហូតដល់វេលាម៉ោង ៩និង៣០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ទើបទទួលដំណឹងពីប្រជាពលរដ្ឋថា ជនរងគ្រោះឈ្មោះ វី ឆក បានស្លាប់នៅចំណុច កើតហេតុខាងលើដោយមានស្នាកស្នាមរបួសលើផ្ទៃមុខផង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយឈ្មោះ សោម គង់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ វី ឆក រហូតបណ្តាលឲ្យស្លាប់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ប្រាកដមែន ។

មូលហេតុ៖ បណ្តាលមកពីខ្លួនមានកំហឹងជាមួយប្រពន្ធ។

លោកវរសេនីយ៍ទោ រស់ លឹមសឺន អធិការរង នគរបាលស្រុករតនមណ្ឌលបានបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរនាក់នេះមិនមានទីលំនៅផ្ទាល់ខ្លួនឲ្យពិតប្រាកដទេ រាល់ថ្ងៃពួកគេតែងដើរស៊ីឈ្នួល ធ្វើការពលកម្មឲ្យអ្នកស្រុក ពេលបានប្រាក់គេ តែងយកទៅផឹកស្រាហើយបង្កទំនាស់វាយតប់គ្នាប្តីប្រពន្ធជារឿយៗ ហើយថ្ងៃកើតហេតុទំនង ជាប្តីរូបនេះប្រើហិង្សាធ្ងន់ធ្ងរ និងដោយគ្មានអ្នក ជិតខាងបានដឹងផងទើបស្រ្តីជាប្រពន្ធស្លាប់បាត់បង់ជីវិត។

បច្ចុប្បន្ននគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប៕

មតិយោបល់