ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ជិះម៉ូតូបុកកង់បីឥណ្ឌា រងរបួសធ្ងន់ ធ្លាយពោះវៀន ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ

ភ្នំពេញៈ កាលវេលាម៉ោង២រសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចមុខខារ៉ាអូខេ នគរសំរិទ្ធ ផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកពីក្រោយកង់បីឥណ្ឌា បណ្ដាលឲ្យបុរសម្នាក់ រងបួសធ្ងន់ (ធ្លាយពោះវៀន) ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មិនត្រូវគេស្គាល់អត្ត សញ្ញាណនោះទេ។ ចំណែកម្ចាស់កង់បី ឈ្មោះ មាស វាសនា អាយុ៣៣ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1HK-3239 និងម៉ូតូកង់បី ម៉ាកTVS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HQ-5396 ធ្វើដំណើរស្របទិសគ្នា ពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូកង់បីឥណ្ឌា នៅខាងមុខបានបត់ឆ្លងស្តុប ក៏ត្រូវម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកចំកង់បីឥណ្ឌា ផ្នែកខាងឆ្វេង ធ្វើឲ្យដៃម៉ូតូ បុកពោះក្បែរផ្លោកនោមជនរងគ្រោះ ធ្លាយពោះវៀន រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយក្លីនិកឯកជន ដឹកបន្តទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ធ្វើការវាស់វែង រួចយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់