តាកែវៈ កម្មការិនីម្នាក់បានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ និង៥នាក់ផ្សេងទៀតរងរបួសស្រាល បន្ទាប់រថយន្តដឹកកម្មករកម្មការិនីរោងចក្រចំនួន ១២០នាក់ បានក្រឡាប់ដោយខ្លួនឯង នៅស្រុកបាទី។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលំ ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-5123 បើកបរដោយឈ្មោះ វាល់ វន ភេទប្រុស ស្នាក់នៅភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ បានបើករថយន្តរ៉េចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ចូលប្រឡាយទឹក ស្លាប់កម្មករកម្មការិនីម្នាក់ និងរបួសស្រាលចំនួន៥នាក់ ដោយក្រោយកើតហេតុ តាកុងរថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល។
កម្មការិនីស្លាប់ម្នាក់មានឈ្មោះ អៀត ថាត ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ ស្លាប់ខណៈបញ្ជូន ដល់មន្ទីរពេទ្យបង្អែកស្រុកបាទី រីឯកម្មការិនីរងរបួសស្រាលចំនួន៥ នាក់ទៀត រួមមាន ទី១.ឈ្មោះ សុះ ញ៉េប អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ទី២.ឈ្មោះ តាប់ សុខនី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ទី៣.ឈ្មោះ ជា ចាន់ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ទី៤.ឈ្មោះ ឈឺន សុខនា អាយុ៤០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ និងទី៥.ឈ្មោះ ស សៀកមួយ អាយុ២៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះធ្វើការវាស់វែង និងដកហូតរថយន្តបង្កយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីរងចាំធ្វើការដោះស្រាយ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសម្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់