ព័ត៌មានជាតិ

សាហាវណាស់! បុរសម្នាក់ ជិះម៉ូតូដេញកាប់គេតាមផ្លូវ បង្កការភ្ញាក់ផ្អើល និងមានអ្នករងរបួស នៅក្រុងសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចមុខចំណតរថយន្ដប្រាសាទអង្គរវត្ត ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានករណីអំពើហិង្សា មានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតប៉័ងតោកាប់មនុស្ស)។

បង្កឡើងដោយជនសង្ស័យឈ្មោះ នុត សុកេត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព យកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឹម សុឃីម ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងជិះម៉ូតូ ត្រូវចំខ្នង បណ្ដាលឲ្យរយះចេញឈាម។

ភ្លាមៗនោះ ជនរងគ្រោះ បានរត់គេចខ្លួន តែត្រូវជនសង្ស័យ តាមកាប់ទៀត ធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមផ្លូវ។ ដោយបន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានសហការជាមួយប្រជាការពារ នាំខ្លួនជនសង្ស័យ (រួមទាំងវត្ថុតាង) យកមកសួរនាំនៅប៉ុស្តិ៍។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជា បានប្រើប្រាស់កាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឹម សុឃីម ពិតប្រាកដមែន។ ក្រៅពីនេះ ជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាព ប្រើប្រាស់កាំបិតប៉័ងតោ ដដែល កាប់ទៅលើជនរងគ្រោះចំនួន០២នាក់ផ្សេងទៀត ៖
-លើកទី១ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២ និង ១០នាទី នៅចំណុចផ្លូវកូម៉ៃ មុខបន្ទាយPM ក្រុងសៀមរាបចាស់ ស្ថិតនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក (កាប់បានសម្រេច) ។
-លើកទី២ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦ និង ០០នាទី នៅចំណុចខាងត្បូងរង្វង់មូលផ្លូវ ៦០ម៉ែត្រស្ថិតនៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (កាប់បានសម្រេច)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលារការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់