ព័ត៌មានជាតិ

Update: លោកស្នងការរង៖ ស្នើឲ្យម្ចាស់អាជីកម្មទាំងអស់ ត្រូវមានទីតាំងត្រឹមត្រូវ សម្រាប់ចតរថយន្តខ្លួន និងអតិថិជន

កណ្តាល: មន្ត្រីកងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយន៍ម្នាក់ បានស្លាប់ក្រោយពីបញ្ជូន ដល់មន្ទីរពេទ្យ បន្ទាប់ពីបើករថយន្តបុកឡានដឹកឈើពីក្រោយ ខណ:ដែលទ្បានដឹកឈើ ចតមិនដាក់ស្លាកសញ្ញាសម្គាល់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នានទីយប់ថ្ងៃ ទី០៦ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្ទះលក់ឈើ យីហោ ស្រី មុំ លើផ្លូវលេខ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរ:សរនីយន៍ទោ ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A.2883 អ្នកបើកបរមិនទាន់ ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីពីត្បូងទៅជើង (ចតឈប់នៅអែបចិញ្ចើមផ្លូវ) ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH.8455 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ក៏បុកពីក្រោយរថយន្ត HYUNDAI នោះតែម្តង។

លោកអធិការបានបន្តថា «អ្នកបើកបររថយន្ត FORD RANGER ឈ្មោះ ទៀវ ស៊ីណាត ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិដើមគរ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឋានន្តរសក្ដិ ឧត្តមសេនីយ៍ត្រី បានស្លាប់នៅពេលដឹកបញ្ជូន ដល់មន្ទីរពេទ្យកាល់ម៉ែត្រ។

លោកបានបញ្ជាក់ថា មូលហេតុមកពីអ្នកបើកបររថយន្ត HYUNDAI ចតឈប់ដាក់កូនឈើដោយមិនបានដាក់ស្លាកសញ្ញា និងដាក់ភ្លើងបំភ្លឺអ្វីឡើយ។រីឯអ្នកបើកបររថយន្តFORD RANGER បើកបរ ក្នុងល្បឿនលឿន។

បើតាមលោក វ៉ែន សាវិន ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ Post News ឲ្យដឹងថា «ចំពោះរឿងនេះ គឺម្ចាស់រថយន្តដឹកឈើជាអ្នកខុស ដែលប្រើប្រាស់ទ្រូងផ្លូវ ជាកន្លែងខុសច្បាប់។
លោកបន្តថា កំហុសរបស់អ្នកបើករថយន្ត មានពីរករណី៖ ទី១ ចតលើទ្រូវផ្លូវ និងទី២ មិនបានដាក់ស្លាកសញ្ញា និងដាក់ភ្លើងបំភ្លឺ។

ក្រោយកើតហេតុនេះ លោកស្នងការរង បានស្នើដល់ម្ចាស់អាជីកម្មទាំងអស់ ឲ្យមានទីតាំងត្រឹមត្រូវ សម្រាប់ចតរថយន្តដឹកឈើខ្លួន និងរថយន្តរបស់អតិថិជនផង។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋ បានលើកឡើងថា នៅម្តុំផ្សារដើមមៀននោះ គឺឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ ណាស់ ពិសេសសនៅពេលយប់ ព្រោះឡានធំៗដឹកឈើតែងមកចតតាមចិញ្ចើមថ្នល់ទម្លាក់ឈើដាក់តាមដេប៉ូរាល់យប់ ហើយមិនដែលមានដាក់ភ្លើងសញ្ញាសម្គាល់ ឬចំណាំងផ្លាតនោះទេ ដោយពួកគាត់បានសំណូមពរឲ្យអាជ្ញាធរមេត្តាជួយ ពិនិត្យរឿងនេះផង៕

មតិយោបល់