បាត់ដំបងៈ កាលពីវេលាម៉ោង ១២ និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវកៅស៊ូ ក្នុងភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បើកបរស្របទិសគ្នា ពីជើងទៅត្បូង ។
រថយន្តម៉ាក Highlander ពណ៌ទឹកមាស ភ្នំពេញ 2AJ-4890 បើកបរដោយឈ្មោះ ស៊ិន សំអុន ភេទប្រុស អាយុ ៥៥ឆ្នាំ តួនាទីអធិការរងស្រុករុក្ខគិរី ទទួលផ្នែកសេនាធិការ (រងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូន ទៅមន្ទីពេទ្យស្រុកមោងឫស្សី)។ ចំណែកម៉ូតូម៉ាក HONDA Wave អាល់ហ្វា ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស៊ុន វន្ថា ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅក្នុងភូមិទួលគគីរ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែង។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញ បុរសម្នាក់បើកម៉ូតូ១គ្រឿង លើផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់បុកចំ ហើយរថយន្ត មិនទាន់អស់ល្បឿនបន្តទៅបុកដើមឈើ បណ្ដាលឲ្យកៀបជាប់ទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ។ ចំណែកសពបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់