ព័ត៌មានជាតិ

ពិ​ធី​បុ​ណ្យ​ប្រ​ណាំ​ង​ទូ​ក​​មា​ន​តាំ​ង​ពី​ពេ​ល​ណា​ម​ក​?​

នៅខែកក្តិកមានពិធីបុណ្យជាច្រើន ដែលក្នុងនោះមានពិធីបុណ្យធំៗចំនួន ៣គឺពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលគេតែងរៀបចំជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យទាំងនេះគេប្រារព្ធធ្វើទន្លេចតុមុខ មានរយះពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៤, ១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក នៅពេលយប់មានការបណ្តែតប្រទីប។ រីឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក តែប៉ុណ្ណោះ។

ប្រវត្តិបុណ្យអុំទូក

ពិធីបុណ្យអុំទូក ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កង ទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម) ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ ។ ក្នុងឱកាសនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងមួយចំនួនយកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង ។ នៅអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុក(លុយ) ត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ ខណៈនោះព្រះបាទជ័យវធន (ជ័យវរ្ម័នទី៧) បានធ្វើការបង្រួបបង្រួមជាតិ ចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែម(ទៀត) ។ តាមឯកសារប្រវត្តិសាស្ត្រ និងសិលាចារឹក នានា បានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ បានឡើងគ្រងរាជសម្បត្តិនៅរាជធានីសោធបុរៈ និងរៀបចំកសាងប្រទេសជាតិឡើងវិញ ដូចជា កសាងប្រាសាទ សាលាសំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រពាសពេញផ្ទៃប្រទេស ។

តាមរយៈចម្លាក់នៅប្រាសាទបាយ័ន គេសង្កេតឃើញមានប្រាង្គប្រាសាទមុខបួនបែរនៅគ្រប់ទិស ដែលធ្វើឱ្យអ្នកប្រាជ្ញជាតិ អន្តរជាតិមួយចំនួនយល់ថា “ប្រាសាទបាយ័ន ជាវិមានទេព ក្នុងរឿងព្រេងនិទានមានលក្ខណៈអច្ឆរិយខ្លាំងណាស់ ” ។ នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេសការធ្វើសឹកសង្គ្រាមជាមួយពួកចាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ទទួលបានជ័យជម្នះយ៉ាងធំធេងតាមរយៈចម្បាំងកងទ័ពជើងទឹក ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចម្បាំងកងទ័ពជើងទឹក ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឲ្យគយគន់ ខ្លាំងណាស់ ។ ចម្លាក់នៃកងទ័ពជើងទឹកនេះត្រូវបានគេកុលបុត្រខ្មែរជំនាន់ក្រោយ ចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដីឲ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ហើយនាំគ្នាប្រារព្ធធ្វើពិធីអុំទូករម្លឹកគុណបំណាច់ដ៏ថ្លៃថ្លា នេះជារៀងរល់ឆ្នាំ ។ ពិធីនេះ មានតាំងពីសម័យមហាអង្គរ រហូតមក ហើយប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យអុំទូក ដើម្បីធ្វើការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុង ។

ចំណែកបងប្អូនខ្មែរកម្ពុជាក្រោម ដែលមានឈាមជ័រដូចគ្នា ទោះបីជាសព្វថ្ងៃនេះបានឃ្លាតឆ្ងាយពីយើង ហើយរស់នៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាមយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរដដែល គេតែងតែនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំមិនដែល ខកខាននោះទេ ។ ជារៀងរាល់ឆ្នាំបងប្អូនខ្មែរកម្ពុជាក្រោម នៅខេត្តឃ្លាំងបានប្រារព្ធធ្វើពិធីនេះ ដើម្បីរម្លឹកដល់គំរូវីរភាពរបស់កងទ័ពខ្មែរនាសម័យមហានគរ ដែលដណ្ដើមជ័យជម្នះពីពួកចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយរៀបចំប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូល ។ តាមឯកសារស្រាវជ្រាវជ្វ្រាវតន្ត្រី និងជីវិតរបស់អ្នកស្រីកែវ ណារុំ បានបញ្ជាក់ថា ស្ដេចក្រាញ់ នៅកម្ពុជាក្រោមស្រុកបាសាក់បានរៀបចំកងទ័ពជា៣ក្រុម ដើម្បីការពារភូមិសាស្ត្ររបស់ខ្លួន គឺ១-ទ័ពស្រួចហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចសព្វថ្ងៃ ។ ២-ទ័ពជំនួយហាត់ច្បាំងនឹងទូកចែវមានទ្រង់ទ្រាយដូចទូកសព្វថ្ងៃដែរ និង ទី៣-ទ័ពបាសាក់ គឺទូកធំមានដំបូលចែវក្ដោងរាងស្រួចដំបូល កាត់មុខឥតជញ្ជាំងសម្រាប់ផ្ទុកស្បៀងកងទ័ព ។ របៀបបង្ហាត់ទូកចម្បាំងនេះ ស្ដេចក្រាញ់នៅកម្ពុជាក្រោមតែងឲ្យមន្ត្រីនៅក្រោមឱវាទ ធ្វើការប្រលងប្រណាំងទូកនៅថ្ងៃទី១៥កើត ខែកត្តិក ដោយឲ្យកេណ្ឌទាហានជើងគោក និងជើងទឹកមកធ្វើការសមយុទ្ធជារៀងរាល់ឆ្នាំ រយៈពេលមួយយប់មួយថ្ងៃ និងបានក្លាយជាទំនៀមទម្លាប់ដ៏ មានសារសំខាន់សម្រាប់ជនជាតិខ្មែរ ។

ក្នុងពិធីនេះ មានការលយប្រទីប ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ បញ្ចេញនូវស្នាមញញឹមគ្រប់គ្នា ។ ចំណែកឯពិធីអកអំបុក និងសំពះព្រះខែត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយកកំណើតជាទន្សាយបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទាន ដល់ឥន្ទ្រព្រាហ្មណ៍។ ការគិតរបស់ព្រះពោធិសត្វនេះ បានក្ដៅដល់ឥន្ទ្រព្រាហ្មណ៍ ហើយព្រះអង្គបាននិយាយថា “ជីវិតខ្ញុំនឹងក្ស័យជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ” ។ ពេលនោះទន្សាយពោធិសត្វបានពោលថា “ខ្ញុំមានតែសាច់ និងឈាមត្រូវការឲ្យជាទាន បើអ្នកចង់បានចូររកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ” ។ ឥន្ទ្រព្រាហ្មណ៍គ្រាន់តែឮដូច្នេះ ក៏ទៅបង្កាត់ភ្លើងចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ ។ ឃើញដូច្នេះ ព្រះឥន្ទ្រក៏ហោះទៅឋានលើ យកថ្មកែវមនោសិលាគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ជាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត ។ ចំណែកអ្នកស្រុកតែងរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់ព្រះពោធិសត្វ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ …… ៕

ប្រភព៖wikipedia

មតិយោបល់