ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយទ្រុង ដឹកទំនិញបុកពីក្រោយ រថយន្តហ៊ីយ៉ាន់ដាយ CVX ខ្ទេចកាប៊ីនខ្លួនឯង រងរបួសអ្នករួមដំណើរ

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត និងរបួសអ្នករួមដំណើរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-0970 ជាប្រភេទរថយន្តទ្រុងដឹកទំនិញ បើកបរដោយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ មានអ្នករួមដំណើរជាមួមម្នាក់ បានរងរបួស ។ ចំណែករថយន្តរងគ្រោះ ដែលឈប់ស្ងៀម ត្រូវរថយន្តខាងលើបុកពីក្រោយនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2A-7412 ជាប្រភេទរថយន្ត ទេសចរណ៍១៥កៅអី រងការខូចខាតខាងក្រោយ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ CVX ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានឈប់ចតអែបខាងនៅលើផ្លូវ។ ស្របពេលនោះ ស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទ្រុងដឹកទំនិញ បើកបរក្នុងទិសដៅស្របគ្នា ទៅដល់បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតក្រពឹតខ្ទេចកាប៊ីនខ្លួនឯង និងបុរសម្នាក់ ដែលជាអ្នករួមដំណើរ ជិះក្នុងរថយន្តរងរបួសយ៉ាងដំណំ ។ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ CVX រងការខូចខាតផ្នែកខាងក្រោយ។

ភ្លាមៗនោះ ជនរងគ្រោះត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់