សៀមរាបៈ កាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ ៣៣៣-៣៣៤ ក្នុងភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ។
រថយន្តម៉ាកមីស៊ុយមីស៊ីម៉ុង ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ភ្នំពេញ2L-0917 បើកបរដោយឈ្មោះ ស៊ឺ ប៊ុនវែង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ធ្វើដំណើរពីលិចទៅកើត បានបុកនឹងម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ ២០០៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1k-0911 បើកបរដោយឈ្មោះ គួន គង្គា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ធ្វើដំណើរពីលិចទៅកើត។
ហេតុការណ៍នេះ បណ្តាលឲ្យឈ្មោះ គួន គង្គា (ស្លាប់) ខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងស្រាល។ មូលហេតុ៖ ម៉ូតូបើកបរបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តបើកបរ ក្នុងល្បឿនលឿន។
ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ ហើយឃាត់ខ្លួនអ្នកបើករថយន្ត និងវត្ថុតាងទៅកាន់អង្គភាព ដើម្បីចាត់ការតាមនិតិវិធី។ ចំណែកប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់