កំពតៈ បុរសម្នាក់ផឹកស្រាប៉ះចំស្រាប្រចណ្ឌប្រពន្ធ យកភ្លើងទៅដុតផ្ទះខ្លួនឯងឆេះខ្ទេចកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសដែលស្រវឹងស្រាប្រចណ្ឌប្រពន្ធ ដុតផ្ទះខ្លួននេះ មានឈ្មោះកែវ សៀម អាយុ៥២ឆ្នាំ រស់នៅភូមិកំពង់សំរោង ខាងជើង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ ផ្ទះដែលត្រូវ ដុតឆេះខ្ទេច នេះមានទំហំ ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ប្រូស៊ីម៉ងត៍។ សម្ភារៈដែលត្រូវខូចខាត មាន ទូរទស្សន៍មួយគ្រឿង អង្ក១ បាវខោអាវ ចានឆ្នាំង និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះត្រូវឆេះ ទាំងអស់ គ្មានអ្នកភូមិជួយយកអ្វីបាននោះឡើយ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា បុរសខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការស្រុកភ្លាមៗក្រោយពីធ្វើសកម្មភាពហើយ នៅល្ងាចថ្ងៃដដែលសមត្ថកិច្ច បានបញ្ជូនមកកាន់ស្នងការខេត្ត ដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់