កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកពញាឮឃាត់ខ្លួនករណីប៉ុនប៉ងលួច បន្ទាប់ពីជនសង្ស័យរូបនេះ បានចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្ដិរបស់ពលរដ្ឋ ដល់ក្នុងផ្ទះ នៅវេលាម៉ោង ៧និង៥៣នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ សេន ខាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះឈ្មោះ សារិន ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្ដថា នៅថ្ងៃ/ខែ/ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ សេន ខាវ មិនដឹងធ្វើដំណើរមកពីណាទេ លុះមកដល់ផ្ទះជនរងគ្រោះ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឡើងទៅលើផ្ទះជនរងគ្រោះតាមដើមឬស្សីដែលនៅជាប់ជញ្ជាំងផ្ទះខាងក្រោយ រួចចូលតាមទ្វារចង្រ្កានផ្ទះបាយដែលមិនចាក់សោទ្វារ បន្ទាប់មកជនសង្ស័យ បានលូកយកកូនកាំបិតក្នុងចង្រ្កានបាយរបស់ជនរងគ្រោះ ដើម្បីធ្វើសកម្មភាពលួច តែចៃដន្យកូនប្រសាររបស់ជនរងគ្រោះឈ្មោះ សំអុន សុផាន់ណាក់ បានដើរយក ចានបាយមកទុកនៅចង្រ្កានបាយ ក៏ប្រទះឃើញជនសង្ស័យកំពុងលូកដៃយកកូនកាំបិត ក៏បានស្រែកឆោឡោថា៖ ចោរៗចូលផ្ទះ ខណៈនោះជនសង្ស័យបានលោតចុះ តាមសំយ៉ាបផ្ទះខាងក្រោយកម្ពស់ប្រហែល៣,៥០ម៉ែត្រចូលគុម្ពឬស្សី បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនៅជិតខាង ជាច្រើននាក់បាននាំគ្នាព័ទ្ធចាប់ឃាត់ខ្លួន និងវាយជនសង្ស័យ បណ្តាលឲ្យសន្លប់ រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រែកតាទែនដើម្បីចាត់ការតាមច្បាប់ ។
បន្ទាប់ពីកម្លាំងប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះមកកន្លែងកើតហេតុ រួចទំនាក់ទំនងរថយន្តសង្រ្គោះដឹកជនសង្ស័យ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាឮ ដើម្បីព្យាបាលរបួស រហូតដល់វេលាម៉ោង ៩និង១២នាទីជនសង្ស័យបានដឹងខ្លួន ទើបកម្លាំងជំនាញធ្វើការសាកសួរ ដោយជនសង្ស័យសារភាពថា ខ្លួនបានធ្វើសកម្មភាព លួចប្រាកដមែន ៕
មតិយោបល់