កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីផឹកស្រាស្រវឹងបើកម៉ូតូល្បឿនលឿន បុកមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ ខណៈកំពុងបំពេញភារកិច្ចលើដងផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និត៤៥នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនបង្កឈ្មោះ ភុន សុផានី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHONDA DREAM ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AB-6263។ ចំណែកជនរងគ្រោះឈ្មោះ យ៉ាន់ ពៅ ឋានៈមន្ត្រីនគរបាល ផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកលើកដែក។
ប្រភពដដែលបន្ដថា នៅពេលកើតហេតុ ជនរងគ្រោះបានចុះប្រតិបត្ដិការងារត្រួតពិនិត្យជាតិស្រវឹងលើដងផ្លូវ ខណៈនោះស្រាប់តែជនបង្កបានបើកម៉ូតូដោយល្បឿនលឿន ក្នុងទិសដៅពីអ្នកលឿងមកភ្នំពេញ បានបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ រីឯអ្នកបើកបរត្រូវបានកម្លាំងឈរជើងដូចគ្នាបានឃាត់ខ្លួនភ្លាមៗតែម្ដង។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរស័ក្ដិសិទ្ធិ ត្រើយខាងកើតស្ពានអ្នកលឿង។ ចំពោះជនបង្កត្រូវបានមន្ដ្រីជំនាញពិនិត្យឃើញថា មានកម្រិតអាកុល ០,២៨mg/L ហើយជនបង្កបានសារភាពថា បន្ទាប់ពីចេញធ្វើការរោងចក្រវិញ ខ្លួនបានផឹកស្រាជាមួយបក្ខពួកខ្លួនតាំងពីម៉ោង៥រសៀល រហូតមកដល់ម៉ោងប្រមាណ៧ទើបត្រឡប់មកផ្ទះវិញ។
បន្ទាប់ពីធ្វើការសាកសួររួច ជនបង្កត្រូវបានមន្ដ្រីនគរបាលជំនាញចរាចរណ៍កសាងសំណុំរឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់