សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធសាមញ្ញកាលពីវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៣និង០០នាទី យប់ មានជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៤នាក់ ស្លៀកពាក់ខោអាវប៉ារ៉ា ពាក់មួកការពារសុវត្ថិភាពពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំភ្លើងកែច្នៃ ( កាំភ្លើងបាញ់ខ្យល់ ) គោះទ្វារហៅជនរងគ្រោះដើម្បីទិញស្រា ។ នៅពេលជនរងគ្រោះបើកទ្វារ ក្រុមជនសង្ស័យ បានយកកាំភ្លើងខ្យល់ ភ្ជង់ទៅលើជនរងគ្រោះ យកប្រាក់ ចំនួន ៥០០ដុល្លារអាមេរិក និងខ្សែកមាសចំនួន ០១ខ្សែទម្ងន់ ៣ជី ។ ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ ។
ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ទុន បឿត ភេទស្រីអាយុ ៥១ឆ្នាំ មុខរបរ លក់ដូរ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តសៀមរាប បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖
១.ឈ្មោះ សំ សី ហៅម៉ី ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
២.ឈ្មោះ ឡុន ធុង ហៅ ថុង ភេទប្រុសអាយុ ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
៣.ឈ្មោះ ឡឹង ប៊ឿប ហៅ ប៊ឿក ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ គ្មាន
រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ៤.ឈ្មោះ សុត សំអុល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន ហើយបានបែងចែកប្រាក់ទៅឲ្យ
១. ឈ្មោះ ឡឹង បឿក បានចំណែក ១០០ដុល្លារអាមេរិក ។ ២. ឈ្មោះ សុត សំអុល បានចំណែក ១០០ដុល្លារអាមេរិក ។
៣. ឈ្មោះ ឡុន ធុង ហៅ ថុង បានចំណែក ១០០ដុល្លារអាមេរិក ។ ៤. ឈ្មោះ សំ សី ហៅ ម៉ី បានចំណែក ២០០ដុល្លារអាមេរិក និងខ្សែក ០១ខ្សែ ។
ប៉ុន្តែជនសង្ស័យឈ្មោះ សំ សី ហៅ ម៉ី ឆ្លើយថា ខ្សែកនោះ ខ្លួនបានធ្វើជ្រុះបាត់នៅពេលជិះម៉ូតូមកវិញ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំភ្លើងកែច្នៃ ( កាំភ្លើងស្នប់ចំនួន ០១ ) ម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង ខោអាវប៉ារ៉ា ០១កំផ្លេ ជារបស់ឈ្មោះ សំ សី ហៅម៉ី ពាក់ធ្វើសកម្មភាព។
ក្រោយការសាកសួរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
មតិយោបល់