ព័ត៌មានជាតិ

បុរសម្នាក់ចេញទៅឆក់ត្រី ភ្លាត់ស្នៀត បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅខេត្តកណ្តាល

កណ្តាលៈ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ករណីបុរសម្នាក់ទៅឆក់ត្រី ភ្លាត់ស្នៀត បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅត្រង់ចំណុចមេទឹកព្រៃទទឹង ស្ថិតនៅក្នុងភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះសឿន សាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅឆក់ត្រីជាមួយឪពុកមារបស់ខ្លួនឈ្មោះ សឿន អួន ដោយយកឧបករណ៍ឆក់ត្រីម្នាក់០១គ្រឿង ចេញពីផ្ទះដើម្បីទៅ
រកត្រីនៅចំណុចកើតហេតុ លុះពេលទៅដល់ជនរងគ្រោះនិងឪពុកមាបានចុះទៅឆក់ត្រី មានចម្ងាយពីគ្នា១០ម៉ែត្រ ។ មួយសន្ទុះក្រោយមកឪពុកមា ឈ្មោះ សឿន អួន ស្រែកហៅជនរងគ្រោះ តែមិនឮឆ្លើយតប គាត់បានដើររកមើលក៏ឃើញជនរងគ្រោះដេកផ្កាប់មុខនៅក្នុងទឹកដោយជាប់ម៉ូទ័រឆក់ត្រីនៅជាប់នឹងខ្លួន ។ ពេលនោះឪពុកមា រត់ទៅខ្ចីទូរស័ព្ទគេនៅក្បែរនោះ តេប្រាប់បងប្អូននៅផ្ទះឲ្យដឹង បន្ទាប់មកបងប្អូនជនរងគ្រោះ បានទៅដល់កន្លែងកើតហេតុ ដើម្បីយកជនរងគ្រោះទៅផ្ទះ ។ រួចបានរាយការណ៍ទៅសមត្ថកិច្ច ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរ ចុះទៅដើម្បីធ្វើកោសល្យវិច្ច័យលើសាកសពជនរងគ្រោះ ។ នៅលើដងខ្លួនសពជនរងគ្រោះមានស្លាកស្នាម រលាត់ខ្នងដៃខាងស្ដាំ១កន្លែងនិងស្នាមជាំខ្លោចនៅលើថ្ងាស១កន្លែង ក្រៅពីនេះមិនមានស្លាកស្នាមអ្វីនោះទេ ហើយសមត្ថកិច្ចបាន បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារម៉ូទ័រឆក់ត្រី ដោយខ្លួនឯងពិតប្រាកដមែន ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់