កំពង់ធំៈ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ជាពិសេសនៅក្នុងក្រុងស្ទឹងសែន មានការភ្ញាក់ផ្អើល និងអបអរសាទរជាខ្លាំង ចំពោះរូបសំណាកតោបុរាណ១ ដែលឈរនៅគល់ស្ពានស្ទឹងសែន បានវិលត្រឡប់មកវិញនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីរូបសំណាកតោបុរាណ១ នេះ បានបាត់ ជាអស់ច្រើនឆ្នាំ បង្កឲ្យមានការវិភាគផ្សេងគ្នាៗ ពីប្រជាពលរដ្ឋនោះ។
តោបុរាណមួយនេះ ត្រូវបានអ្នកជំនាញបុរាណវិទ្យា គឺលោក បេ តៃសែ ប្រធានសារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បាននិយាយឲ្យដឹងថា គឺកសាងឡើងពីថ្ម ភក់ ដែលមានប្រភពដើម នៅប្រាសាទកោះកែវ ស្ថិតនៅក្នុងទឹកដី ខេត្តព្រះវិហារ នាពេលបច្ចុប្បន្ននេះ។ ការវិលត្រឡប់មកឈរនៅកន្លែងដើម នៅគល់ស្ពានស្ទឹងសែន កាលពីព្រឹកថ្ងៃទី០៣នេះ គឺមានពិធីក្រុងពាលី និងបួងសួងសុំវត្ថុស័ក្ដិសិទ្ធិ មកសណ្ឋិតនៅតោនេះ ដើម្បីជួយជ្រោមជ្រែង តម្រង់ ទិស ថែរក្សាការពារ និងជួយប្រឹក្សា ឲ្យប្រជាជន ក្នុងខេត្តកំពង់ធំទាំងមូល បានសេចក្ដីសុខ ថ្កុំថ្កើង រីកចម្រើន និងអភិវឌ្ឍន៍ជានិច្ច និរន្តរ។
នៅក្នុងពិធីក្រុងពាលី នេះមានការអញ្ជើញចូលរួមពីឯកឧត្ដម ជុច ភឿន រដ្ឋ លេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងមន្ត្រី រាជការ ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនេះ លោក ម៉ា ពៅ មន្ត្រីជំនួយការ នៃមន្ទីរវប្បធម៌ និងសិល្បះ ខេត្តកំពង់ធំ បាននិយាយឲ្យដឹងថា តោនេះ មិនមែនតោចាស់នោះទេ គឺជារូបសំណាកតោថ្មថ្មី ដែលចម្លងតាមក្បាច់រចនាបថពីតោចាស់ តែប៉ុណ្ណោះ ចំពោះរូបសំណាកតោចាស់ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ស្នើមកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីយកទៅជួសជុលនៅសារមន្ទីរជាតិ និងមានគម្រោងយកទៅតាំងនៅ (សារមន្ទីរធម្មជាតិ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន) នៅខេត្តព្រះវិហារ ហើយមូលហេតុដែល ក្រសួងសម្រេចយកទៅដាក់តាំង នៅសារមន្ទីរ ខេត្តព្រះវិហារនេះ គឺ៖ ១-ទីតាំងសុវត្ថិភាព មិនដាក់ចោលហាលថ្ងៃ ហាលភ្លៀង គ្មានការថែរក្សា ២-តោនេះ មានប្រភពដើម ជាតោរបស់ប្រសាទកោះកែវ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ សព្វថ្ងៃនេះ៕
មតិយោបល់