ព័ត៌មានជាតិ

ឃាត់ជនសង្ស័យ៤នាក់ ក្នុងនោះមានសិស្សសាលាម្នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ: កម្លាំងផ្នែកជំនាញគ្រឿងញៀនខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្វាយប៉ាក បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃទី ២២ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យទី១-ឈ្មោះ ក្រូច សេម អាយុ៣៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិត្រយ៉ូង ឃុំត្រយ៉ូង ស្រុកតាំងគោក ខេត្តកំពង់ធំ ទី២-ឈ្មោះ សាន សុខគា អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិចំបក់ភ្លោះ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល ទី៣-ឈ្មោះ យ៉ុង យ៉ាវ អាយុ ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិព្រាល ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងទី៤-ឈ្មោះ ស្រេង សុភ័ក្រ្ត អាយុ៣០ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានទីលំនៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ បានសហការជាមួយប៉ុស្តិ៍ស្វាយប៉ាក ចុះល្បាតដើម្បីត្រួតពិនិត្យបទល្មើស ក្នុងមូលដ្ឋាន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ៤នាក់ កំពុងតែដើរតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងក៏បានឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀនក្រាមសថ្លាចំនួន២កញ្ចប់ធំល្មម នៅក្នុងហោប៉ាវខោ ឈ្មោះក្រូច សេម រួចក៏បានយកមកសាកសួរ នៅប៉ុស្តិ៍ស្វាយប៉ាក។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប៉ាក កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត៕

មតិយោបល់