សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត ធ្ងន់បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកស្វាយលើបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ៈ
១-ឈ្មោះសែត ឈិត ភេទប្រុសអាយុ ១៨ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ២-ឈ្មោះនិល ណែត ភេទប្រុសអាយុៈ១៨ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ៣-ឈ្មោះទក់ ទិន ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ ឃុន សុផល ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានមកប្ដឹងរាយការណ៍ថា កាលពីវេលាម៉ោង២៣និង០០នាទី ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ មានជនមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន០៣នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធ្វើសកម្មភាពយកកាំបិតកាប់មកលើជនរងគ្រោះឈ្មោះ ឃុន ស៊ីដា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ត្រូវជាកូនបង្កើតបណ្ដាលឲ្យរងរបួសជាច្រើនកន្លែងនៅលើក្បាលដងខ្លួននិងដៃ នៅចំណុចផ្លូវចូលមុខខ្លោងទ្វារប្រាសាទបឹងមាលាផ្នែកខាងលិចស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្វាយលើ ។
តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង បីនាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅរណីសាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់