ព័ត៌មានជាតិ

សិស្សសាលាប៊ែលធី បើកឆាកប្រយុទ្ធគ្នា ជាមួយអ្នកលេងដាវសាំម៉ូរ៉ៃ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលប៉ុស្តិ៍

ភ្នំពេញៈ សិស្សសាលាប៊ែលធីចំនួន ២ក្រុម ដោយមួយក្រុមអ្នកលេងដាវសាំម៉ូរ៉ៃមានគ្នា១០នាក់ និងមួយក្រុមទៀតអ្នកលេងកាំបិតហោះ មានគ្នា៤នាក់ បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ជាលទ្ធផលក្រុមអ្នកលេងដាវសាំម៉ូរ៉ៃរបួសម្នាក់ ចូលពេទ្យដេរ១៧ថ្នេរ ចំណែកក្រុមអ្នកលេងកាំបិតពិឃាត ត្រូវបាននគរបាលឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅម្តុំជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៥និង១០នាទី រូបគេបាននឹងកំពុងប្រឡងនៅសាលាប៊ែលធីសាខាជ្រៃកោង បន្ទាប់មកស្រាប់តែមិត្តភក្ដិ មកបបួលខ្លួន ទៅរករឿងភាគីទំនាស់ ដែលធ្លាប់ឈ្លោះគ្នា ដោយសារលេងបាល់ទាត់ និងជាអ្នកលេងកាំបិតពិឃាត ពេលនោះពួកគេក៏នាំគ្នាទៅដោយមានគ្នា១០នាក់ និងប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងដុំថ្មទៅរករឿងគូទំនាស់នៅម្តុំជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះបន្តទៀតថា ខណៈដែលជួបគ្នាភាគីខាងគូទំនាស់ ដែលមានគ្នា៣នាក់ បានទាញកាំបិតបុ័ងតោ មកកាប់រូបគេ បណ្តាលឲ្យរបួស និងកាប់ម៉ូតូស្មាស់មួយគ្រឿងរងការខូចខាត ចំណែកបក្ខពួកផ្សេងទៀត រត់គេចខ្លួនអស់។

ក្រោយមកជនរងគ្រោះ ក៏រត់ទៅមន្ទីរពេទ្យដេរអស់ចំនួន១៧ថ្នេរ។
លុះដល់ព្រឹកថ្ងៃទី២១ ខែឧសភា ជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីឃាត់ភាគីខាងអ្នកលេងកាំបិតចំនួន៣នាក់មកសួរនាំ។

ដោយភាគីខាងអ្នកលេងដាវសាំម៉ូរ៉ៃ បានទាមទារសំណងជាជំងឺចិត្ត ដើម្បីព្យាបាលរបួសផងដែរ៕

មតិយោបល់