ព័ត៌មានជាតិ

Update៖ ម្ដាយទួញសោកស្រណោះ រៀបរាប់ទាំងទឹកភ្នែក មិនគួរណាសោះ កូនស្លាប់ទាំងបែបនេះ

ភ្នំពេញ: រថយន្តម៉ាកសាំយ៉ុង១គ្រឿង មិនចាំផ្លាកលេខ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ុតូ១គ្រឿង ជិះគ្នា៣នាក់ បណ្ដាលឲ្យអូសជាង១០ម៉ែត្រ ស្លាប់ម្នាក់ភ្លាមៗ ចំណែក២នាក់ទៀត របួសធ្ងន់ធ្ងរ ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះផងដែរ។

ហេតុការណ៍នេះ កើតទ្បើងកាលវេលាម៉ោង ៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយបេតុងច្រកចូលវត្តព្រៃស្ពឺ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ សុន ប៉េងយ៉ុង ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

រថយន្តបង្កម៉ាកសាមយ៉ុង មិនចាំផ្លាកលេខ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IF-4971 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនមធ្យម ជិះគ្នា៣នាក់ រួចបើកគេចខ្លួនបាត់ស្រមោលតែម្ដង។

ភ្លាមៗនោះ ក៏មានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅទី២ ចុះមកដល់ធ្វើការសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះ ហើយបានធ្វើការវាស់វែង និងយកម៉ូតូដាក់អែបខាង បន្ទាប់មកក៏ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យផងដែរ។

ដោយទ្បែកសាច់ញាតិ ក្រុមគ្រួសាររបស់សព បានមកដល់កន្លែងកើតហេតុ ស្រែទ្រហោយំ ស្ដាយស្រណោះកូន បានរៀបរាបថា មិនគួរណាកូនគាត់មកស្លាប់ទាំងបែបនេះសោះ ខណ:ដែលឪពុកមារបស់សព រងរបួសធ្ងន់ទៀត។

ក្រោយកើតផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានធ្វើលិខិតប្រគល់សពឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

មតិយោបល់