ព័ត៌មានជាតិ

ស្រវឹងដេកផ្លូវ សូមកុំបើកបរនាំគ្រោះថ្នាក់! បុរសម្នាក់ បើករថយន្ត បុកម៉ូតូ ២គ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៣នាក់

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូ ២គ្រឿង ក្នុងដំណើរបញ្រ្ចាសទិសគ្នា។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងកើតសាលាមុំ តាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងបើកបររថយន្តម១គ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-6099 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវ១៩៦២ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកចំពីមុខម៉ូតូចំនួន ២គ្រឿងទៀត ដែលបើកបរច្រាស់ទិសគ្នា។ ដោយទី១ម៉ាកស៊ុយស័រគីលែត ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រៃវែង 1Q-0779 បើកបរដោយបុរស ២នាក់ បណ្តាលឲ្យម៉ូតូរងការខូចខាតស្ទើរទាំងស្រុង ចំណែកឯអ្នកបើកបរទាំង២រងរបួសស្រាល និងទី២ម៉ាកហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GU-2613 បើកបរដោយបុរសម្នាក់ បណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯអ្នកបើកបរ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ។ ភ្លាមៗនោះរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បន្តទៅមុខចម្ងាយប្រមាណ១០០ម៉ែត្រ ទើបរថយន្តដាច់ក្រឡេកង់ ខាងមុខចំហៀងខាងស្តាំ ទៅមុខលែងរួច។ រីឯអ្នកបើកបររថយន្តបង្ក បានបើកទៅឈប់ចតនៅលើចិញ្ចើមផ្លូវ រួចក៏បើកទ្វាររថយន្តចុះ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្សល់ទុកតែរថយន្តបង្ក ដែលរងការខូចខាតក្រពឹត និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការទាក់ទង ហៅសមត្ថកិច្ចជំនាញ ឲ្យចុះវាស់វែង និងស្ទូចយករថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្ក ចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់