ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ឆក់​ទូរស័ព្ទ​ដៃ​​មិន​បាន​សម្រេច​ គេចមិនរួច ត្រូវសមត្ថកិច្ចក្របួចបាន នៅខេត្តកណ្តាល​

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ស្រុក​កណ្ដាលស្ទឹង​ ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​និង​៤០​នាទី​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២​ ស្ថិត​ក្នុងភូមិ​ស្រុក​ធំ​ ឃុំ​ជើង​កើប​ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​​ ជនសង្ស័យ​ចាប់ខ្លួន​បាន​២​នាក់​ ទី​១.​ឈ្មោះ​ ឡេ​ង​ គឹ​ម​ស្រេង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ មាន​ទីលំនៅ​ភូមិ​ ស្រុក​ចេក​ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ​ទី​២.​ឈ្មោះ​ អុ​ន​ ណា​វីត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ព្រៃ​តាថុក​ ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្ដាល​ ។​

​ចំណែក​វត្ថុ​តាង​ចាប់​យក​៖​ ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ ធុន​សេ​១០០​ ពណ៌​ខ្មៅ​ ស៊េរី​ ឆ្នាំ​២០១២​ ពាក់ផ្លាក​លេខ​ភ្នំពេញ​ 1BE-​ 5682​ (​របស់​ជនសង្ស័យ​)​ និង​ទូរ​សព្ទ័​ដៃ​ម៉ាក​ OPPO​ F11​ ១​គ្រឿង​(​របស់​ជន​រង​គ្រោះ​)​ ។​

​ប្រភព​ដដែល​បន្ដ​ថា​៖​ នៅ​ថ្ងៃ​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់​ បានឃើញ​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ឃើញ​ទូរស័ព្ទ​នារី​រង​គ្រោះ​នៅ​ក្នុង​ហោប៉ៅ​ខោ​ ក៏​ធ្វើ​សកម្មភាព​លួច​ ភ្លាម​នោះ​ក៏​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​ដេញ​តាម​ពីក្រោយ​ រួច​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​ ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​តែ​ម្តង​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​សារភាព​ថា​ កន្លង​មក​ពួក​គេ​ទាំង​២​នាក់​ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​បាន​សម្រេច​ចំនួន​២​លើក​ រួច​មក​ហើយ​ លើក​ទី​១​ នៅ​ថ្ងៃ​ទី​២៣​ ខែមេសា​ឆ្នាំ​២០២០​ នៅ​លើ​ផ្លូវជាតិ​លេខ​២​ មុខ​រោងចក្រ​តា​បែ​ត​ ស្រុក​បាទី​ ខេត្តតាកែវ​ លើក​ទី​២​ នៅ​ខែមេសា​ ឆ្នាំ​២០២០​ នៅ​លើ​ផ្លូវជាតិ​លេខ​២​ ម្តុំ​ផ្សា​របឹង​ខ្យា​ង​ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្ដាល​ ។​ ចំពោះ​ករណី​នេះ​ កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់