ភ្នំពេញៈ កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវបេតុងទួលពង្រ ឋិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅកន្លែងកើតហេតុ។
១.ម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរម៉ូតូមានឈ្មោះ ម៉ាន ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិសាមគ្គី ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។
២.រថយន្តម៉ាកកូរ៉េ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2T-0890 អ្នកបើកបររថយន្តឈ្មោះ សៅ ប្រុសស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកឡានដឹកទឹកកក មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ដំណើររឿង៖ មុនកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាក HONDA WAVE ធ្វើដំណើរពីកើតទៅលិច ចំណែករថយន្តកូរ៉េ បើកបរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកបរលឿន ចូលចំណែកផ្លូវរថយន្ត ក៏ត្រូវរថយន្តបើកបុកពេញមួយទំហឹង បណ្ដាលឲ្យយអ្នកបើកម៉ូតូស្លាប់មួយរំពេចតែម្ដង។
មូលហេតុ៖ បណ្ដាលមកពីម៉ូតូ បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង រួមទាំងនាំខ្លួនអ្នកបើរថយន្ត និងវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ បន្ទាប់ពីទទួលបានដំណឹងភ្លាម សាច់ញាតិជនរងគ្រោះ បានដល់កន្លែងកើត ដោយបងស្រីជនរងគ្រោះ ឃើញសពប្អូនហើយ មានអារម្មណ៍តក់ស្លុតជាខ្លាំង បានយំនឹកស្ដាយស្រណោះ ទាំងទឹកមុខក្រៀមក្រំ៕






មតិយោបល់