ភ្នំពេញៈ រថយន្តម៉ាកសឺដេស បោះពួយលឿន បុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួលរបួសធ្ងន់ម្នាក់ មិនទាន់អស់ល្បឿនជ្រុលចង្កូច ទៅបុកទ្រូងផ្លូវខ្ទាត២កង់ ប៉ះរថយន្តឡង់គ្រីស័រ រងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ ស្ថិតចំណុចមុខវិទ្យាល័យបាក់ទូក តាមបណ្តោយផ្លូវ១៦៩ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកម៉ាកសឺដេស ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 2BB- 9966 បើកបរដោយបុរសជនជាតិចិនម្នាក់។ ម៉ូតូរងគ្រោះម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1FG 7755 បើកដោយយុវជនម្នាក់រងរបួសបាក់ជើងឆ្វេង។
រថយន្តរងគ្រោះមួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AA 0011 បើកដោយបុរសម្នាក់ ជាអ្នកបើករថយន្តឲ្យគេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន។ ដោយម៉ូតូបើកពីមុខ ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យខ្ទាតអ្នកជិះម៉ូតូចេញមកខាងផ្លូវ បាក់ជើងខាងឆ្វេង ឯម៉ូតូខ្ទាតទៅមុខរថយន្ត ដោយភ័យពេករថយន្តបង្ក បានបើកគេចមកឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវ២កំណាត់ ខ្ទាតចេញទៅប៉ះរថយន្តឡង់គ្រីស័រ កំពុងបើកពីជើងទៅត្បូង បណ្តាលឲ្យក្រពឹតទ្វារខាងឆ្វេង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងជំនាញ ចុះវាស់វែងយករថយន្តទាំងពីរគ្រឿង និងម៉ូតូមួយគ្រឿង រួមទាំងអ្នកបើករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕
មតិយោបល់