ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនអនឡាញម្នាក់ ឡើងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់បោកក្បាលស្លាប់

សៀមរាបៈ កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីមនុស្សឆក់ខ្សែភ្លើង ធ្លាក់ពីលើបង្គោលផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់ នៅខាងត្បូងខារ៉ាអូខេ ហ្វីលីង ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ អ៊ីនធឺណិត មានទីលំនៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ ករណីនេះ ក្រុមហ៊ុន មិនបានរាយការណ៍ទៅសមត្ថកិច្ចឲ្យដឹងនោះទេ ។ សមត្ថកិច្ចបានដឹងដំណឹងនេះ តាមរយៈហ្វេសប៊ុក ដោយក្រុមគ្រួសារជនរងគ្រោះបានដឹកសពទៅតម្តល់ទុកទីបច្ឆាវត្តអាធ្វា ក្នុងសង្កាត់សៀមរាប ។

មូលហេតុ៖ ជនរងគ្រោះនិងក្រុមការងារចំនួន២នាក់ទៀត បានធ្វើការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត នៅកន្លែងកើតហេតុខាងលើ បណ្ដាលឱ្យឆក់ខ្សែភ្លើង នឹងធ្លាក់ពីលើបង្គោល បោកផ្កាប់មុខនឹងថ្ម ចំចិញ្ចើម បណ្ដាលឲ្យស្លាប់តែម្ដង ។

បច្ចុប្បន្នសពជនរងគ្រោះ សមត្ថកិច្ចបានឱ្យក្រុមគ្រួសារតម្កល់ទុកនៅទីបច្ឆាវត្តអាធ្វា បណ្ដោះអាសន្ន ដើម្បីរង់ចាំឲ្យអ្នកជំនាញខាងខេត្តចុះទៅធ្វើកោសល្យវិច័យ ទើបបានអនុញ្ញាតឲ្យសាច់ញាតិរៀបចំពិធីបូជាសព ៕

មតិយោបល់