រតនគិរីៈ ស្ត្រីជនជាតិទំពួនម្នាក់ឈ្មោះ ធៀន ព្យេម អាយុ ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវពិការជើងទាំងពីរតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ ដោយសារត្រូវបណ្តាសាសត្វអន្សង។
បើតាមការរៀបរាប់របស់លោក ផាន់ បូន ជនជាតិទំពួន ត្រូវជាឪពុកមារបស់ស្ត្រីដែលពិការជើងម្នាក់នេះបានឲ្យដឹងថា កាលនោះឪពុករបស់នាងតែងតែទៅដាក់លប ដាក់ទ្រូ ដើម្បីបានត្រីមកចិញ្ចឹមជីវិត។
ថ្ងៃមួយ ពេលដែលឪពុករបស់នាងទៅមើលលបតាមទម្លាប់ចាស់ ពេលនោះស្រាប់តែឃើញសត្វអន្សងហែកលបចូលស៊ីត្រីអស់ ដោយមានចិត្តខឹងខ្លាំងពេកក៏ភ្លេចពាក្យសម្បថ បានចាប់សត្វអន្សងនោះមកកាត់ជើងរួចក៏លែងទៅវិញ។ លុះរំលងបាន១ខែក្រោយមក កូនស្រីរបស់គាត់ក៏ចាប់ផ្តើមមានជម្ងឺហើមជើងរលួយ ព្យាបាលមិនជាតាំងពីអាយុ៣ឆ្នាំមក។ ទោះបីជាចាស់ទុំក្នុងភូមិខំធ្វើពិធីបន់ស្រន់ដល់អារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដីយ៉ាងណាក៏ដោយ ក៏នៅតែគ្មានវិធីណាមួយអាចជួយឲ្យនាងបានជាសះ ស្បើយបានឡើយ ហើយជើងទាំងពីររបស់នាងបានរលួយដាច់រហូតមកដល់ពេលនេះតែម្តង។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីនាងពិការជើងទាំងពីរហើយនោះ នាងបានរៀបការមាន គ្រួសារ មានកូនចំនួន៤នាក់ តែត្រូវស្លាប់ជាបន្តបន្ទាប់សល់តែកូនមួយគត់។
លោកបានបន្តទៀតថា តាំងពីបុរាណមកបងប្អូនជនជាតិទំពួនពួកគាត់ គឺមានជំនឿខ្លាំងណាស់ចំពោះសត្វអន្សង ព្រោះថា តាមទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិទំពួនពួកគាត់តែងបំលាស់ភូមិពីចាស់ទៅភូមិថ្មីមួយទៀត បន្ទាប់ពីបងប្អូនពួកគាត់រស់នៅក្នុងភូមិ ចាស់គ្មានសេចក្តីសុខ ដូចជា មានជម្ងឺ ឬមានក្មេងៗស្លាប់ក្នុងភូមិច្រើនជាដើម គឺពួកគាត់ តែងតែចាកចេញពីភូមិចាស់ទៅបង្កើតភូមិមួយទៀត ដោយមានទំលាប់មួយត្រូវឲ្យទុកយាយចាស់ជរាម្នាក់នៅចាំភូមិចាស់ ព្រមទាំងទុកសំភារៈប្រើប្រាស់ដូចជា ភួយមុង កន្ទេល ខ្នើយចានឆ្នាំងកាំបិទទុកឲ្យដូនចាស់នោះ ទម្រាំគេសង់ផ្ទះនៅភូមិថ្មីនោះរួចទើបគេមកធ្វើ ពិធីដង្ហែរយាយចាស់នោះឲ្យទៅរស់នៅភូមិថ្មីតាមក្រោយ ។
តែនៅពេលដែលគេត្រឡប់មកទទួលយកលោកយាយចាស់នោះ ស្រាប់តែបាត់គាត់រកមិនឃើញសោះ ឃើញដូចនេះពួកគេក៏ប្រមូលគ្នាទាំងភូមិដើររកគ្រប់ទិសទីនៅតែមិនឃើញដដែល គឺឃើញតែសត្វ អន្សងដ៏ធំមួយក្បាលនៅក្នុងផ្ទះដែលទុកលោកយាយនោះ។ ក្រោយពីគេនាំគ្នាដើររកអស់ កម្លាំងពេកគេក៏បបួលគ្នាសំលាប់សត្វអន្សងនោះ ធ្វើជាអាហារតែម្តងទៅបន្ទាប់ពីហូបសត្វអន្សងនោះរួចហើយ គេក៏នាំគ្នាត្រឡប់ទៅផ្ទះនៅឯភូមិថ្មីនោះវិញ។
លុះពេលយប់ស្រាប់តែយាយចាស់ដែលបានបាត់ខ្លួននេះ មកពន្យល់សុបិន្តថា ពួកឯងបានស៊ីសាច់យាយហើយ បើចង់មានសេចក្តីសុខថ្ងៃស្អែកត្រូវតែនាំគ្នាទៅស្បថសច្ចាថាឈប់ឲ្យប៉ះពាល់សត្វអន្សងទៀត បើមិនដូច្នេះទេ អ្នកទាំងអស់នោះនិងរស់នៅដោយគ្មានក្តីសុខឡើយ។
សូមរំលឹកផងដែរថា ជនជាតិទំពួនពេលរៀបការរួចបុរសយកត្រកូលខាងគ្រួសារនារី។ ការផ្ទេរកេរ្តិ៍មរតកក៏ធ្វើឡើងតាមខ្សែស្រលាយខាងស្រីដែរ។ ជាធម្មតាជនជាតិទំពួនរៀបការនៅអាយុពី១៤ទៅ១៨ឆ្នាំ។ តាមប្រពៃណីគូស្វាមីភរិយាថ្មោងថ្មីត្រូវទៅនៅបំរើគ្រួសារខាងស្រីរយៈពេល៣ឆ្នាំ រួចទៅនៅបំរើគ្រួសារខាងប្រុសបន្ថែម៣ឆ្នាំទៀត។ ដល់ពេលនោះ ពួកគេមានអាយុគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមធ្វើចំការដោយខ្លួនឯង។
ជាមធ្យមស្ត្រីជាម្ដាយ មានកូនពី៦ទៅ៨នាក់។ តែដោយសារអត្រាមរណៈកុមារខ្ពស់ និងមានកង្វះតំហែទាំសុខភាពមានកូនចំនួនមិនដល់៦នាក់ទេ ដែលអាចរស់ដល់ពេញវ័យ។ កសិកម្មកែប្រែភាគច្រើន នៃជនជាតិទំពួនចិញ្ចឹមជីវិតដោយធ្វើកសិកម្មចំការព្រៃដុត។ ដីដែលនៅជុំវិញភូមិជាកម្មសិទ្ធរបស់សហគមន៍ដែលជាអ្នកសម្រេចចែកចំណែកដីទៅអ្នកភូមិម្នាក់ៗ។ នៅពេលដែលដីនៅកន្លែងមួយអស់ជីជាតិ (ជាទូទៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំ) ពួកគេត្រូវទៅកាប់ឆ្ការ និងដុតព្រៃ ដើម្បីយកដីថ្មីរៀបចំសំរាប់ការដាំដុះ។
ភាគច្រើន នៃជនជាតិទំពួនដាំដុះស្រូវប្រាំង និងដំណាំរួមផ្សំផ្សេងទៀតដូចជាពោត សណ្ដែក និង ល្ពៅ។ ពួកគេក៏ចិញ្ចឹមសត្វយកសាច់ដែរ ដូចជា មាន់ ជ្រូក គោ ឆ្កែ និងក្របី។ ជនជាតិទំពួនប្រើប្រាស់ស្នារ ឬកាំភ្លើង ដើម្បីបរបាញ់សត្វខ្លាឃ្មុំ ក្ដាន់ និងកំប្រុកជាដើម។
ជនជាតិទំពួនកាន់សាសនាព្រលឹង ដោយគេជឿលើព្រលឹង អ្នកតា និងវត្ថុអរូបី។ ពួកគេតែងបូជាសត្វ ដើម្បីផ្គាប់ចិត្តព្រលឹងដូនតានានា។ ការបំពារបំពានលើបញ្ជាដូនតាទាំងឡាយនឹងបង្កជាជំងឺបៀតបៀន។ ធ្មប់និងការបញ្ជូលព្រលឹងជារឿងសាមញ្ញ។ មានជនជាតិទំពួនមួយក្រុមតូចដែលកាន់ព្រះពុទ្ធសាសនាថេរវាទ៕
មតិយោបល់