ព័ត៌មានជាតិ

ម៉ូតូបើកលឿនបុកពីក្រោយរថយន្តច្នៃ របួសធ្ងន់២នាក់ នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្ស២នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តនគរបាលដឹកជួយសង្រោះទៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ដោយបើកម៉ូតូបុករថយន្តច្នៃខូច ចំពីក្រោយ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១៣នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៥៦អា ចំណុចដឺតាស្កូន ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ ដំបូងមានរថយន្តច្នៃ១គ្រឿងបានបើកក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុដឺតាស្កូន ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រាប់តែរថយន្តបែកកង់ឈប់នៅលើទ្រូងថ្នល់ ហើយម្ចាស់បានទៅរកកង់យកមកប្តូរ ពេលនោះបើកភ្លើងឡាហ្សែរ និងដាក់មែកឈើជាសញ្ញាសម្គាល់ពីក្រោយរថយន្តជាច្រើនម៉ែត្រ។ក្រោយមកក៏មានម៉ូតូ១គ្រឿង ជិះឌុបគ្នា២នាក់ បានបើកក្នុងល្បឿនលឿនសង្ស័យមានជាតិស្រវឹង បានទៅបុកពីក្រោយចំអំពូលភ្លើងបែក និងរងគ្រោះរបួសធ្ងន់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ។ក្រោយពីកើតហេតុនគរបាលចរាចរណ៍ស្រុកបានចុះទៅកន្លែងហេតុ និងដឹកជនរងគ្រោះទាំង២នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។ជនរងគ្រោះទាំង២នាក់នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ ចំណែកម្ចាស់រថយន្តច្នៃក៏នៅមិនស្គាល់ឈ្មោះដែរ ពេលទៅរកកង់រថយន្តមកដូរ លឺថាមានអ្នកជិះម៉ូតូបុករថយន្តក៏គេចខ្លួនបាត់ ។វត្ថុតាងរថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបន្ទាយឆ្មារ ៕

 

មតិយោបល់