ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនមេខ្លោងជនជាតិចិន និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម

ភ្នំពេញៈ យោងតាមផេក Anit-Drug Department បានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ជនជាតិ ចិន ០២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅរាជធានីភ្នំពេញ ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដោយមានការសម្របសម្រួលពី លោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លទ្ធផលដូចខាងក្រោម៖
ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់:
១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន (មេខ្លោង ធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត)។
២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។
ខ-វត្ថតាងចាប់យក: គ្រឿងញៀនមេតំហ្វេតាមីន(ICE)សរុប ៩ គ.ក្រ ៧៨៣,៧៣ ក្រាម
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់