ព័ត៌មានជាតិ

សូមត្រួតពិនិត្យ មុនទិញ និងទទួលទានចំណីអាហារ! រកឃើញ កាហ្វេក សាច់ជ្រូកផាត់ ម្រេចកំប៉ុង(ថៃ) ..ខូចគុណភាព នៅខេត្តព្រះវិហារ

ព្រះវិហារ: យោងតាមផេកនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងយុវជនកាយរិទ្ធឃុំស្រអែម បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– នំចម្រុះ ចំនួន ៤៧កញ្ចប់-ថង់ធំ ស្មើនឹង ១៨.៣៤គីឡូក្រាម
– សណ្តែកដីកំប៉ុង ចំនួន ៣៧កំប៉ុង ស្មើនឹង ៣.៨៥ គីឡូក្រាម
– សាច់ជ្រូកផាត់ ចំនួន ១៤កញ្ចប់ ស្មើនឹង ១.១២ គីឡូក្រាម
– ម្រេចកំប៉ុង(ថៃ) ចំនួន ០៦កំប៉ុង ស្មើនឹង ០.៤២គីឡូក្រាម
– តែកញ្ចប់ ចំនួន ១៣កញ្ចប់ ស្មើនឹង ៤.៥៥គីឡូក្រាម
– មឹកកញ្ចប់ ចំនួន ០៨កញ្ចប់ ស្មើនឹង ០.៦៤គីឡូក្រាម
– គ្រាប់ឈូកកញ្ចប់ ចំនួន ០៥កញ្ចប់ ស្មើនឹង ១.២គីឡូក្រាម
– កាហ្វេកញ្ចប់ ចំនួន ៧៩កញ្ចប់ ស្មើនឹង ៤២.៥គីឡូក្រាម
– ទឹកក្រូចឆ្មាដប ចំនួន ១០ដប ស្មើនឹង ៥លីត្រ
– ទឹកក្រូច ចំនួន ១៩ដប ស្មើនឹង ២២.៥លីត្រ
-ទឹកផ្លែឈើ ចំនួន ១៨ដប-កំប៉ុង ស្មើនឹង ៤.៥លីត្រ
– ទឹកដោះគោឆៅ ចំនួន ២៦កំប៉ុង ស្មើនឹង ៣.២២លីត្រ
– ទឹកដោះគោជូ ចំនួន ១៨ដប ស្មើនឹង ៧.២លីត្រ
– ទឹកស៊ីរ៉ូ ចំនួន ០២ដបស្មើនឹង ១.៤២លីត្រ
– ទឹកស៊ីអ៊ីវ ចំនួន ០៩ដប ស្មើនឹង ៤.៥លីត្រ
សរុបប្រមាណ ១២០.៩៦គីឡូក្រាម។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មកដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់