ភ្នំពេញ:បុរស ២នាក់ ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ប្រទះឃើញដេកដួល គងជើងលើម៉ូតូ កាលពីវេលាម៉ោង០៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះ នៅលើកំណាត់ផ្លូវលេខ២១៧ ភូមិម័ល ក្បែរវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ត្រូវបានអ្នកធ្វើដំណើរ តាមបណ្តោយផ្លូវ២១៧ ហៅផ្លូវចំការដូង ប្រទះឃើញដេកដួលគងជើងលើម៉ូតូ ដោយមានឈាមហូរក្បែរនោះ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនគរបាល ជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យមើលឱ្យបានច្បាស់លាស់ថា នេះ គឺជាករណីអ្វីពិតប្រាកដ។
ប្រជាពលរដ្ឋ ប្រាប់បន្តឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក ស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AR-7902 ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង។ ដោយឡែក នគរបាលចរាចរណ៍ខណ្ឌដង្កោ ប្រាប់ឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះភ្លាមៗ គឺមិនទាន់ស្គាល់អត្តសញ្ញាណ ជនរងគ្រោះទាំង ២នាក់ នៅឡើយទេ ក្រៅអំពីឆែកទៅ ឃើញមានតែវិក័យបត្រ ខារ៉ាអូខេ (KTV) តែប៉ុណ្ណោះ ហើយក្នុងនោះ ជនរងគ្រោះម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអណោចអធម៌ និងជនរងគ្រោះម្នាក់ទៀត ទទួលរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូន តាមរថយន្តសង្គ្រោះ យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ចំណែកសព ត្រូវបានដឹកយកទៅតម្កល់នៅ វត្តសំបួរ រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូនាំយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ។
លោក នាក់ ណារ៉ូ អធិការរងខណ្ឌដង្កោរ ទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះថា ជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ២១៧ សង្កាត់ដង្កោរ ខណ្ឌដង្កោរ កាលពីទាបភ្លឺ ថ្ងៃទី២២ ខែមេសា នេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ អ្នកស្លាប់ឈ្មោះ ម៉ី កុសល អាយុ ២៩ឆ្នាំ និងអ្នករងរបួសធ្ងន់ ឈ្មោះ ទិត្យ ប្រុញ អាយុ ២៥ឆ្នាំ ទាំង ២នាក់ រស់នៅភូមិរំដេង ឃុំភក្តី ស្រុកបសេធ ខេត្តកំពង់ស្ពឺ។ សពត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណ នៅឯស្រុកកំណើត ចំណែកជនរងគ្រោះម្នាក់ទៀត ដែលទទួលរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
ចុងក្រោយ លោក នាក់ ណារ៉ូ ប្រាប់បន្តឱ្យដឹងថា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រោយពីលោកសាកសួរប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូ បុកគូទរថយន្តដឹកកុងទីន័រពីក្រោយ ហើយក្រោយពីកើតហេតុ រថយន្តដឹកកុងទីន័រនោះ បានបន្ថែមល្បឿន បោះពួយបើកទៅមុខ គេចខ្លួនបាត់ស្រមោល តែម្តង៕
មតិយោបល់