ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសកសិករម្នាក់ រាយខ្សែលួសឆក់កណ្តុរ ការពារដំណាំពោត បណ្តាលឲ្យឆក់ស្លាប់ខ្លួនឯង

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១០កើត ខែ ពិសាខឆ្នាំ ជូត ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ ដឹងកើតហេតុវេលាម៉ោង៦និង២០នាទី នៅចំណុច ដីចម្ការរពោតរបស់ឈ្មោះ ពត សយ (ជនរងគ្រោះ) ខាងកើតទំនប់១៨ ស្ថិតក្នុងភូមិកោះទៀវ( ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ពត សយ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងមាន៖ អាគុយ១០០អំព័រ ចំនួន០១គ្រឿង ពណ៌ស ម៉ាក panasoca, ដុំអាងវ៉ិចទ័រ ចំនួន០១គ្រឿង, ខ្សែលួស សម្រាប់រាយឆក់កណ្តុរ ប្រវែង ៣០០ម៉ែត្រ។

សភាពរឿងហេតុ តាមការសួរបំភ្លឺឈ្មោះ សយ សិត ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានឲ្យដឹងថា ឪពុករបស់ខ្លួនជារៀងរាល់ថ្ងៃ ពេលល្ងាចតែងតែមករៀបចំឆក់កណ្ដុរ នៅដីចម្ការពោតរបស់ខ្លួនជារៀងរាល់ថ្ងៃ។ លុះនៅល្ងាចថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១៩និង០០នាទី គាត់បានចេញពីផ្ទះម្នាក់ឯង ជិះម៉ូតូ ដើម្បីទៅឆក់កណ្តុរនៅដីចម្ការពោត ដើម្បីកុំឲ្យសត្វកណ្តុរស៊ីពោត ដោយសម្រាកពេលយប់នៅរោងចាំចម្ការ ។ លុះព្រឹកឡើងថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ ដោយខ្លួន មិនទាន់ឃើញឪពុកត្រឡប់មកផ្ទះវិញ ខ្លួនក៏បានចេញពីផ្ទះមកដីចម្ការពោត តាមរកមើលឪពុកលុះមកដល់រោងចាំចម្ការ មិនឃើញឪពុក ឃើញតែអាគុយនឹងដុំឆក់ចាប់ជាប់ចរន្តភ្លើង ខ្លួនក៏ផ្តាច់ចរន្តភ្លើង ហើយដើរកឪពុកជុំវិញដីចម្ការ ក៏ប្រទះឃើញឪពុកដួល ដោយដៃជាប់នឹងខ្សែលួសឆក់កណ្តុរ ឃើញដូចនេះខ្លួនក៏ចាប់លើកមើលឪពុកតែគាត់បានស្លាប់បាត់ទៅហើយ ពេលនោះខ្លួនក៏បានទូរស័ព្ទប្រាប់បង ប្អូន និងរាយការណ៍ជូនអាជ្ញារធមានសមត្ថកិច្ច ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញារធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ នឹងគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព ។ ការពិនិត្យសាកសពជនរងគ្រោះ មានស្លាកស្នាម ស្នាមឆេះរោលខ្មៅលើម្រាមមេដៃខាងស្តាំ និងស្នាមឆេះលើចង្អុលដៃខាងស្តាំ ជម្រៅដល់ឆ្អឹង ស្នាមឆេះអុជខ្មៅលើ កដៃខាងស្តាំ, ស្នាមឆេះខ្លោចខ្មៅ បាតដៃខាងឆ្វេងប្របវែង១១ សង់ទីម៉ែត្រ ទទឹង ០១សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង និងស្នាមឆេះម្រាមដៃខាងឆ្វេងទាំង៥ម្រាម ។ ស្នាមឆេះលើអាវខាងស្តាំ លើទ្រូង នឹងស្នាមឆេះរលាតសើស្បែកលើដើមដោះខាងស្តាំ ។ ក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាមអ្វីទៀតឡើយ ។

ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ និងផ្នែកជំនាញ ជនរងគ្រោះ ស្លាប់ដោយឆក់ចរន្តភ្លើងអាគុយ បំលែងឆក់កណ្តុរ ពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់