ព័ត៌មានជាតិ

ករណីអំពើហិង្សាប្ដីចាក់ប្រពន្ធ រួចចាក់ខ្លួនឯងស្លាប់ ព្រោះ…

សៀមរាបៈ វេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប មានករណីអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន (ប្ដីចាក់ប្រពន្ធ រួចចាក់ខ្លួនឯងស្លាប់ពេលសង្រ្គោះដល់មន្ទីរពេទ្យ)។

ដំណើររឿង៖ កាលពីវេលាម៉ោងកើតហេតុខាងលើ មានទំនាស់ក្នុងគ្រួសារ រវាងភាគីប្ដីឈ្មោះ វង់ ផុសហៅ ញ៉ាញ់ អាយុ ៣២ឆ្នាំ ស្រុកកំណើតនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប សព្វថ្ងៃបានប្រពន្ធឈ្មោះ បោះ គឿន អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ទំនាស់ឈានដល់ភាគីប្តីឈ្មោះ ញ៉ាញ់ បានប្រអាវុធកាំបិតចុងស្រួច ដងឈើស្រោបដែក ប្រវែង ៣៧សង់ទីម៉ែត្រ ចាក់ទៅលើភាគីប្រពន្ធឈ្មោះ បោះ គឿន និងចាក់ពោះខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ ។

+ភាគីប្តីឈ្មោះ វង់ ផុស ហៅ ញ៉ាញ់ រងបួសមុតចូលសាច់ពោះដាច់ចេញពោះវៀនមកក្រៅ រួចខ្លួនលោតទំលាក់ទឹកស្រះ ហើយបានស្លាប់ពេលសង្គ្រោះដល់ពេទ្យបង្អែកពួក ។
+ភាគីប្រពន្ធឈ្មោះ បោះ គឿន ត្រូវរងរបួសមុតចូលសាច់ពោះក្បែរក្រលៀនខាងស្ដាំ ១កន្លែង មុតរយះដៃសាច់ដៃស្ដាំ ១កន្លែង ធ្ងន់ធ្ងរកំពុងសង្គ្រោះនៅពេទ្យបង្អែកខេត្ត ។

បញ្ជាក់៖ ជុំវិញការបំភ្លឺលោកមេភូមិ និងពលរដ្ឋរស់នៅជិតខាងគ្រួសារជំលោះខាងលើ បានឲ្យដឹងថា ភាគីប្តី+ភាគីប្រពន្ធ ពួកគេមានជំលោះញឹកញាប់ ភាគីប្ដីតែងតែប្រច័ណ្ឌប្រពន្ធខ្លាំង រយៈពេលអំឡុង១ខែមុននេះគ្រួសារពួកគេជំលោះគ្នា ភាគីប្តីនៅហូបចុកបាយវត្តត្រកៀត (ជិតផ្ទះ)មិនបាននិយាយរកប្រពន្ធទេ លុះក្នុងពេលកើតហេតុភាគីប្រពន្ធកំពុងបោកខោ-អាវនៅមាត់ស្រះក្នុងបរិវេនវត្តត្រកៀត ត្រូវភាគីប្ដីទៅរករឿងប្រវាយប្រតប់ឈានដល់ការចាក់ទៅលើប្រពន្ធនិងចាក់ខ្លួនឯង ។ សាកសពប្ដីឈ្មោះ វង់ ផុស ហៅញ៉ាញ់ ត្រូវបានបញ្ជូនមកដល់វត្តត្រកៀតវិញ ដោយសហការជាមួយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្ត ពិនិត្យសាកសពឈ្មោះ វង់ ផុស ហៅញ៉ាញ់ ឃើញមានរបួស មុតចូលសាច់ពោះប្រវែង បណ្ដោយ ៤សង់ទីម៉ែត្រ មុខកាត់ប្រវែង ២សង់ទីម៉ែត្រ ។
ក្រោយពិនិត្យតាមនីតិវិធីសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់