ព័ត៌មានជាតិ

ចោរមួយក្រុម ធ្វើសកម្មភាពវាយបំបែកទ្វារកញ្ចក់ ចូលលួចទ្រព្យសម្បត្តិ នៅហាងលក់កាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីនព្រីនយីហោ «ភ្នំពេញអូហ្វីស សប្លាយ៍»

ភ្នំពេញៈ ក្រុមចោរមួយក្រុម មានគ្នាចំនួនពីរនាក់ បានជិះកង់១គ្រឿង មកធ្វើសកម្មភាពឆ្កឹះសោ និងវាយបំបែកទ្វារកញ្ចក់ហាងលក់កាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីនព្រីនយីហោ «ភ្នំពេញអូហ្វីសសប្លាយ៍» ចូលលួចកុំទ្យុទ័រ ១គ្រឿង និងលេបថប១គ្រឿង បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ2Eoផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ដំណើររឿង៖ ហាងខាងលើ មិនមានបុគ្គលិកណាម្នាក់ នៅដេកយាមទេ ជារៀងរាល់យប់ តែងតែចាក់សោទ្វារទុកចោល។ ដោយនៅថ្ងៃកើតហេតុ ខណៈដល់វេលាត្រូវបិទហាង បុគ្គលិកទាំងអស់ រួមជាមួយអ្នកគ្រប់គ្រង ក៏បាននាំគ្នារៀបចំចាក់សោបិទទ្វារហាង រួចចេញទៅផ្ទះរៀងៗខ្លួន។ លុះដល់ពេលកើតហេតុ ស្រាប់តែមានសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងតាមទូរស័ព្ទ ទៅប្រាប់ថា ហាងត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆ្កឹះសោទ្វារ និងវាយបំបែកទ្វារកញ្ចក់ បណ្តាលឲ្យបែកអស់មួយផ្ទាំងទំហំប្រមាណ២x១ម៉ែត្រកន្លះ។

បន្ទាប់មកពួកគាត់ ក៏ប្រញាប់ប្រញាល់នាំគ្នា ចុះមកត្រួតពិនិត្យមើល នៅទីតាំងខាងលើ រួមទាំងឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅខាងមុខហាង ទើបដឹងថា ជនសង្ស័យមានគ្នាចំនួនពីរនាក់ បានជិះមួយគ្រឿងមកធ្វើសកម្មភាពឆ្កឹះសោទ្វារ និងវាយបំបែកទ្វារកញ្ចក់មួយជាន់ទៀត ដើម្បីចូលទៅខាងក្នុងហាងលួចយកកុំព្យូទ័រលើតុចំនួន១គ្រឿងនិងឡេបថបចំនួន១គ្រឿង ហើយបាននាំគ្នាឡើងជិះកង់ គេចចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យជនរងគ្រោះ ជាម្ចាស់ហាងទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់