ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប៉ុនប៉ងឃាតកម្ម នៅកោះដាច់

ភ្នំពេញ: ជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងសំណុំរឿង ប៉ុនប៉ងឃាតកម្មទៅលើជនរងគ្រោះម្នាក់នៅកោះដាច់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ចំណុចបេតុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ខៀវ សុភា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់រថយន្ត មានទីលំនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី២ឈ្មោះ ខៀវ គីនី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងរថយន្ត ស្នាក់នៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី៣ឈ្មោះ ចេប សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អ្នកទាំង៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ទី៤ឈ្មោះ សុង ឈាងឡុង ភេទប្រុស ស្នាក់នៅភូមិជាមួយគ្នាបានគេចខ្លួនបាត់។

វត្ថុតាងសមត្ថកិច្ចដកហូតបានមានកាំបិតប៉័ងតោដងឈើ១ និងឈើជ្រុងប្រវែង ១ម៉ែត្រ ៣តឹក១ដើម។

ជនរងគ្រោះឈ្មោះ សេត បូរ៉េត ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមរបាយការ៍សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យទាំងពីរនាក់បងប្អូនបាននាំគ្នាជិះម៉ូតូចេញពីកន្លែងផឹកស្រានៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ លុះមកដល់ចំណុចកំពង់ចម្លងព្រែកលៀបកោះដាច់ ជនសង្ស័យឈ្មោះ ខៀវ សុភា ក៏ទាស់គ្នាជាមួយឈ្មោះ ពេជ្រ កក់ ហើយជនសង្ស័យបានខលទូរស័ព្ទទៅជនសង្ស័យ ២នាក់ទៀតឈ្មោះ ចេប សុជាតិ និងឈ្មោះ សុង ឈាងឡុង ឲ្យមកចាំនៅកំពង់ចម្លងព្រែកលៀបកោះដាច់ ព្រោះខ្លួនមានទំនាស់ ចំណែកភាគីម្ខាងទៀតឈ្មោះ ពេជ្រ កក់ ក៏បានខលទូរស័ព្ទហៅជនរងគ្រោះដើម្បីឲ្យជួយខ្លួន បន្ទាប់មកជនសង្ស័យទាំង ៤នាក់ ក៏បានជិះម៉ូតូទៅស្កាត់ផ្លូវជនរងគ្រោះ បន្ទាប់មកជនសង្ស័យឈ្មោះ ខៀវ សុភា ទាញកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ សេត បូរ៉េត និងឈ្មោះ សេត បូរី បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយឡែកជនរងគ្រោះត្រូវបានបងប្អូនដឹកទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
លុះដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួន។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជូនទៅធិការដ្ឋាននគរបានខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។
យោងតាមពាក្យបណ្តឹងរបស់ភាគីខាងរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យទាំង ៣នាក់ ពិតជាបានប្រព្រឹត្តប៉ុនប៉ងឃាតកម្មទៅលើជនរងគ្រោះពិតប្រាកដមែន៕

មតិយោបល់