ព័ត៌មានជាតិ

រំលោភទៀតហើយ តែសំណាងមិនបានសម្រេច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាអ្នកប្រកបរបររើស និងទិញអេតចាយ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ភ្លាមៗ ខណៈដែលបុរសខាងលើ បានធ្វើសកម្មភាពចាប់ឱបស្ទាបអង្អែលប្រដាប់ភេទក្មេងស្រីម្នាក់ ប៉ងរំលោភតែមិនសម្រេច។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៤ និង៣០ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិត្រពាំងស្វាយ ផ្លូវលេខ៩២ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ ឡឹក ជាតិ ហៅ វឹក អាយុ៣៣ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសសង្កាត់គោកឃ្លាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡឹក ជាតិ ហៅ វឹក ត្រូវបានចាប់ខ្លួនតាមបណ្តឹងចោទប្រកាន់ពីឈ្មោះ ឡុង ធួន ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយរបស់ក្មេងស្រីជនរងគ្រោះ ឈ្មោះ ធ.ល.ដ អាយុ១២ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយម្តាយ នៅចំណុចផ្ទះកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរដំណើររឿង បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចេញពីផ្ទះជួល ស្នាក់នៅរបស់ខ្លួន នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ដោយជិះរ៉ឺម៉កម៉ូតូ ដើម្បីចេញទៅដើររើស និងទិញអេតចាយ។

នៅគ្រានោះខណៈកំពុងធ្វើដំណើរ ក៏បានមកឈប់ត្រង់ចំណុចដីឡូត៍ទំនេរមួយកន្លែង នៅផ្លូវលេខ៩២ ត្រង់ភូមិត្រពាំងស្វាយ ដើម្បីចុះមកឈឺនោម។

នៅពេលនោមរួចជនសង្ស័យ ក៏បានដើរមកលបមើលតាមទ្វារក្រោយផ្ទះគេ នៅក្បែរនោះឃើញក្មេងស្រីជនរងគ្រោះ កំពុងតែស្រាតមុជទឹក នៅក្នុងបន្ទប់ទឹក ដោយមិនបានដាក់គន្លឹះទ្វារ។ ដោយឃើញមានសភាពស្ងាត់ ជនសង្ស័យក៏បានលបចូល ទៅចាប់ស្ទាបប្រដាប់ភេទរបស់នាង ហើយដៃម្ខាងទៀតស្ទាបប្រដាប់ភេទខ្លួនឯង ដើម្បីត្រៀមរំលោភ។

ខណៈនោះម្តាយរបស់ក្មេងស្រីរងគ្រោះ បានចូលមកក្នុងផ្ទះគ្មានមនុស្ស ក៏ស្រែកហៅបណ្ដើរដើរមកមើលខាងក្រោយបណ្តើរ ក៏ឃើញជនសង្ស័យកំពុងលើកខោស្លៀក ហើយឃើញកូនស្រីរបស់ខ្លួនអាក្រាតកាយទៀត ក៏ផ្អើលឆោឡោចាប់ខ្លួនបុរសជនសង្ស័យ រូបនេះទុករួច ហៅប៉ូលិសមូលដ្ឋាន ឲ្យមកឃាត់ខ្លួន យកទៅសួរនាំ និងបានដាក់ពាក្យបណ្ដឹងចោទប្រកាន់តែម្តង៕

មតិយោបល់