ព័ត៌មានជាតិ

បុរសម្នាក់ បង្ហោះលក់អាវុធពិត តាមបណ្ដាញសង្គមហ្វេសប៊ុក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការសហការពីនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការ សម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការឯកភាពពី លោកស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចនគរបាលផែនការងារសន្តិសុខ ខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរអាវុធខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាអ្នកអនុវត្ត បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាឲ្យឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ អ៊ុំ ពេជ្រ រស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្វាយដង្គុំ សង្កាត់ ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប បានធ្វើសកម្មភាព បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក លក់នូវ អាវុធពិត អាវុធប្រើហ្គាស បាញ់គ្រាប់ដែក គ្រាប់ជ័រ ដែលជាអំពើចរាចរណ៍ជួញដូរអាវុធខុសច្បាប់ នៅក្នុងខេត្តសៀមរាប។

ក្រោយការសាកសួរ សាមីខ្លួនបានឆ្លើយសារភាព ថា ខ្លួនពិតជាបាន ធ្វើសកម្មភាពជួញដូរអាវុធ ដោយខុសច្បាប់មែន ហើយកន្លងមក បានលក់ចេញនូវអាវុធពិតចំនួន ០២ដើម និងអាវុធប្រើហ្គាស ប្រើគ្រាប់ដែក ជ័រ បានជាច្រើនដើម ទៅតាមបណ្ដាខេត្ត និងរាជធានី ។ ក្នុងពេលសមត្ថកិច្ច បានចុះត្រួតពិនិត្យផ្ទះបានរកឃើញកាំភ្លើងប្រភេទហ្គាសចំនួន ០៣ដើម និងគ្រាប់ពិតចំនួន ១០០គ្រាប់ គ្រាប់ដែកចំនួន ០៤ប្រអប់ គ្រាប់ជ័រ ដបហ្គាសមួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់