ព័ត៌មានជាតិ

ផឹកស៊ីក្បែរគ្នា ទាស់ពាក្យសម្តី ទាញដំបងឫស្សី វាយបែកក្បាលបុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ២ រោច ខែពិសាខ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៩ និង៣០ នាទី មានករណីអំពើហិង្សាដោយចេតនា មួយករណី នៅចំណុចភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ គុណ វណ្ឌី ហៅ នី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្កាស្រស់ មានទីលំនៅភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (របួសបែកក្បាលផ្នែកខាងឆ្វេង) ។ រីឯជនសង្ស័យឈ្មោះ សេក ចាន់ថន ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ត កណ្តាល (ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម) ។

វត្ថុតាងចាប់យក៖ ដំបងធ្វើពីឫស្សី ចំនួន០១ ប្រវែង ៨០សង់ទីម៉ែត្រ ។

សភាពរឿងហេតុ៖ នៅថ្ងៃខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងអង្គុយស៊ីផឹកនៅផ្ទះរបស់ខ្លួនជាមួយបងប្អូន ចំណែកជនសង្ស័យ ក៏កំពុងអង្គុយស៊ីផឹក ជាមួយមិត្តភក្តិ នៅផ្ទះឈ្មោះ សំអាត ភេទប្រុស រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ផ្ទះជិតគ្នាផងនោះ នៅពេលកំពុងផឹកស្រា ជនសង្ស័យ បានស្រែកជេរដៀមដាម និងជេរមកលើក្រុមគ្រួសារជនរងគ្រោះ ខណៈពេលនោះដែរ ជនរងគ្រោះ បាននិយាយជាមួយ ប្អូនថ្លៃរបស់ខ្លួនឈ្មោះ ឡុច សុឡែន ភេទប្រុស ថា គួរទៅសួរវាអត់ សុខៗ វាជេរយើងចឹង ប្អូនថ្លៃក៏បានឆ្លើយថា មិនបាច់ទៅសួរនាំវាទេ បើវាឆ្កួតឲ្យវា ឆ្កួតតែវាទៅ បន្ទាប់មក ជនរងគ្រោះ បានផឹកស៊ីបន្តជាមួយបងប្អូន ចំណែកជនសង្ស័យ នៅតែបន្តជេរ ដដែល បានមួយស្របក់ ជនសង្ស័យក៏បានងើបដើរចេញពីកន្លែង វង់ស៊ីផឹកនៅផ្ទះឈ្មោះ សំអាត ដើរសំដៅទៅផ្ទះរបស់ខ្លួន ដែលនៅក្បែរនោះ ឃើញដូចនេះជនរងគ្រោះក៏បាន ងើបចេញពីវង់ផឹកស៊ី នៅផ្ទះរបស់ខ្លួន ដើរពីក្រោយជនសង្ស័យ ដើម្បីសួរនាំ លុះពេលទៅដល់មុខផ្ទះ ជនសង្ស័យ ជនរងគ្រោះក៏បានហៅជនសង្ស័យឈប់ ព្រមទាំងបានសួរនាំ ភ្លាមនោះបាននិយាយ ទាស់ពាក្យសម្តី ឈ្លោះប្រកែកគ្នា និងបាន វាយប្រតាយប្រតប់គ្នាទៅវិញទៅមក ខណៈពេលនោះស្រាប់តែ ជនសង្ស័យបានយកដំបងឫស្សី ដែលឋិតនៅក្បែរនោះ វាយមក លើជនរងគ្រោះ មួយដំបង បែកក្បាលហូរឈាម ដួលសន្លប់តែម្តង ។ ឃើញដូចនេះ ក្រុមគ្រួសារជនរងគ្រោះក៏បាន រត់ចូលទៅឃាត់ បំបែកចេញតែម្តង ។ បន្ទាប់មកក្រុមគ្រួសារបស់ជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដែក ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់