ព័ត៌មានជាតិ

មន្ត្រីយោធាសឹករងខេត្តតាកែវម្នាក់ កំពុងអង្គុយមើល TV ត្រូវបុរសម្នាក់ យកកាំបិតអារ.ក…

តាកែវៈ មន្ត្រីយោធាសឹករងខេត្តតាកែវម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនសង្ស័យញៀនថ្នាំម្នាក់ យកកាំបិតមកអារ.ក ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៦ និង២០នាទីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

សង្ស័យឈ្មោះ សង សារ៉ាត់ ហៅឆិច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។ រីឯជនរងគ្រោះឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅផ្ទះជិតគ្នា មានមុខរបរមន្ត្រីយោធាសឹករងតាកែវ។

ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា សង្ស័យទើបចេញពីជក់សារធាតុញៀន នៅព្រៃខាងកើតផ្ទះ ក៏ដើរចូលទៅផ្ទះជនរងគ្រោះ ចំពេលដែលជនរងគ្រោះ កំពុងអង្គុយលើកៅអីមើលទូរទស្សន៍ នៅក្នុងផ្ទះសុខៗ ស្រាប់តែជនសង្ស័យយកកាំបិតកញ្ចែត ចូលទៅអារ.ក ជនរងគ្រោះឆៅៗ ដោយពុំដឹងខ្លួន បណ្តាលឲ្យរបួសធ្ងន់ នៅត្រង់.កផ្នែកខាងមុខ និងរបួសស្នាមនៅប្រអប់ដៃឆ្វេង។

ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យ ត្រូវបានប្រពន្ធជនរងគ្រោះ និងសាច់ញាតិចាប់ប្រគល់ឲ្យសមត្ថកិច្ច ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសាររឿងគំនុំ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់