ព័ត៌មានជាតិ

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់ទ្វារផ្ទះពលរដ្ឋ លួចទ្រព្យសម្បត្តិ

បាត់ដំបង: នៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង០៧ និង០០នាទី នៅចំណុចក្រុម២៥ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិណែនាំ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានជំរុញដល់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារ ផ្ទះ) ចូលលំនៅដ្ឋានរបស់ជនរងគ្រោះ គោលបំណងលួចយកទ្រព្យសម្បត្តិ ។

ជនសង្ស័យឈ្មោះ ម៉ន កម្សត់ ហៅសំ ណាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរតាញារ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ វឹង សាវ៉ាត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

ករណីនេះ នគរបាលដកហូតបានសម្ភារ:វត្ថុតាងរួមមាន៖ ម៉ូតូវេរ ស៊េរីចាស់ ពណ៌ក្រហម ចំនួន០១គ្រឿង ដង្កាប់ដែកចំនួន០១ ទុលឡឺវ៉ិសដងឈើចំនួន០១ កូនសោលេខ (១៤) ចំនួន០១ កាបូបស្ពាយ០១ មានខោខៅប៊យជើងវែង០១ អាវយឺតសដៃខ្លីចំនួន០១ អាវក្រណាត់ដៃវែងចំនួន០១ ។

នៅពេលនេះនគរបាលស្រុកថ្មគោល បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង័្សយ និងវត្ថុតាងនាំទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់