ព័ត៌មានជាតិ

សាហាវណាស់! ករណីប្លន់ និងសម្លាប់ទៅលើកុមារអាយុ ៧ឆ្នាំ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេក Child Protection Unit បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា វេលាម៉ោង៤ និង៣០នាទីល្ងាច សាកសពរបស់ក្មេងស្រីឈ្មោះ រ៉ង ស្រីពេជ្រ ត្រូវបានគេរកឃើញដោយមានរបួសពីការវាយប្រហាររហូតដល់ស្លាប់នៅក្នុងដុប នៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សាកសពជនរងគ្រោះមិនមានស្លៀកខោ និងមានចងខ្សែ។

CPU បានទទួលដំណឹង ហើយក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅកន្លែងកើតហេតុ។ ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់។

កន្លែងកើតហេតុ និងសាកសពត្រូវបានត្រួតពិនិត្យ។ ជាលទ្ធផល ជនសង្ស័យភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ យើងបានកត់សម្គាល់ថាជនរងគ្រោះបានបាត់គ្រឿងអលង្ការតម្លៃ $១៥០។

ក្រុមការងាររបស់ CPU បានបន្តធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងប្រមូលភ័ស្តុតាង និងសំណាក DNA ពីច្រើនកន្លែង ថែមទាំងផ្ទះជនសង្ស័យ និងបុគ្គលមួយចំនួន។

“យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធ្វើអោយប្រាកដថាយើងនឹងផ្តន្ទាទោសជនល្មើសពីបទល្មើសដ៏កំសាកមួយនេះ ដែលបានប្រព្រឹត្តទៅលើកុមារដែលមិនអាចការពារខ្លួនឯងបាន។ ស្នាមរបួសដែលមាននៅលើដងខ្លួនសាកសពមានស្ថានភាពធ្ងន់ធ្ងរ។ ទោសដែលសាកសមបំផុតគឺបទឃាតកម្មដោយអំពើឃរឃៅ ដែលមានទោសជាប់ពន្ធនាគាអស់មួយជីវិត ហើយយើងនឹងព្យាយាមទទួលលទ្ធផលនេះអោយបាន។” – លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ៕

មតិយោបល់