ព័ត៌មានជាតិ

សេ១២៥បើកលឿន វ៉ាក់អើជ្រុលទៅបុករថយន្តកុងតៃន័រ កំពុងបត់ត្រឡប់ក្រោយ របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងរវាងរថយន្តកុងតៃន័រ បើកបត់ត្រឡប់ក្រោយ ត្រូវម៉ូតូសេ១២៥ ជិះលឿនជ្រុលទៅបុកពីទទឹងរថយន្ត។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតៃន័រ ពណ៌ខៀវ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3A-9143 បានធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ បានបត់ឆ្វេងប្តូរគន្លងផ្លូវ បំណងបត់ត្រឡប់ក្រោយ ស្រាប់តែជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FU-9467 បើកល្បឿនលឿនពីជើងទៅត្បូង ស្របទិសគ្នា ទៅដល់បានវ៉ាក់អើហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីទទឹងរថយន្ត ចំធុងប្រេង បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ គ្រាន់តែដឹងថា ជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: រីឯរថយន្តនិងម៉ូតូ នគរបាលវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់