ភ្នំពេញ: នៅក្នុងផេកហ្វេសបុក របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីផ្ទាល់ នាព្រឹកថ្ងៃទី៣០ ខែមេសានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសរសេរដូច្នេះថា៖
ពេលនេះខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុតាមរថភ្លើង។ រថភ្លើង និងផ្លូវដែកត្រូវបានបំផ្លាញស្ទើរទាំងស្រុង ដោយសារសង្រ្គាមកាលពីជាង៤០ឆ្នាំកន្លងទៅនេះ។
នៅពេលនេះការរៀបចំជួសជុល និងកសាងផ្លូវដែកត្រូវបានរៀបចំឡើងវិញដើម្បីជំរុញការធ្វើដំណើរ និងដឹកជញ្ជូនទំនិញពីកំពង់ផែក្រុងព្រះសីហនុ និងពីតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនានាមកកាន់ទីក្រុងភ្នំពេញ និងពីភ្នំពេញទៅកាន់បណ្តាខេត្តជាច្រើនទៀតដូចជាពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម។
ពេលនេះយើងមានជម្រើសធ្វើដំណើរតាមរថភ្លើង ឡើងវិញហើយ!
ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ពាណិជ្ជករ ជ្រើសរើសការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមមធ្យោបាយផ្លូវដែក ដែលចំណាយថវិកាតិច ហើយមានសុវត្ថិភាព និងប្រសិទ្ឋិភាពខ្ពស់។
ដោយសារប្រទេសជាតិមានសុខសន្តិភាពទើបរាជរដ្ឋាភិបាលមានឱកាសកសាងផ្លូវគមនាគមន៌ដឹកជញ្ជូនគ្រប់បែបយ៉ាងដើម្បីសម្រួលនិងបម្រើផលប្រយោជន៌ជូនប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករជាតិ និងអន្តរជាតិកាន់តែទូលំទូលាយ។
ផឹកទឹកនឹកដល់ប្រភពទឹក ហូបផ្លែឈើនឹកដល់អ្នកដាំ។ ទូលបង្គំយើងខ្ញុំសុំអរព្រះគុណព្រះបិតាជាតិខ្មែរសម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំកសាងផ្លូវរថភ្លើងនេះក្នុងសម័យសង្គមរាស្ត្រនិយមនាទសវត្ស១៩៦០ ដែលបន្សល់ទុកឱ្យកូនចៅបានប្រើប្រាស់រហូតដល់សព្វថ្ងៃ៕
សម្តេចតេជោហ៊ុនសែន ជួបប្រាស្រ័យ ជាមួយប្រជាពលរដ្ឋ ជាមួយប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ
មតិយោបល់