ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បើកបុកបុរសម្នាក់ រងរបួសធ្ងន់

ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី ចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ចន្លោះគីឡូម៉ែត្រ ៥៣-៥៤ លើផ្លូវជាតិលេខ៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ (២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-2173 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីកើតទៅលិច។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1F-2508 បើកបរដោយឈ្មោះ សុខ កែវ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិពាមអំពិល ឃុំរាបស្រុកពារាំង (គ្មានពាក់មួកសុវត្ថិភាព) ដែលកំពុងធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវពីត្បូងទៅជើង។

ករណីនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកពារាំង។ ចំណែកអ្នកបើកបររថយន្ត សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវរកអត្តសញ្ញាណ។
ដោយទ្បែកវត្ថុតាង សមត្ថកិច្ច បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញនីតិវិធី៕

មតិយោបល់