ព័ត៌មានជាតិ

ល្មមដល់ពេលចាត់វិធានការតាមសង្កាត់នានានៅក្នុងខណ្ឌទួលគោកម្តងហើយ

ភ្នំពេញៈ នេះជាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបាននិងកំពុងទៅចុះឈ្មោះបោះឆ្នោតទៅតាមមូលដ្ឋាននានា ក្នុងសង្កាត់ដែរខ្លួនរស់នៅមានឯកសារគ្រប់គ្រាន់ ដើម្បីចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនិងចាស់ឡើងវិញ តាមប្រព័ន្ធកុំព្យួទ័រដែលអាចមានភាពងាយស្រួសពិនិត្យនិងផ្ទៀងផ្ទាត់មើលតាមប្រព័ន្ធអ៊ីនធឺណេត ទូរស័ព្ទដៃសេរីទំនើប និង កុំព្យូទ័រក៏បាន។

ដោយភាពរីកចំរើនទៅតាមសម័យកាល ការអភិវឌ្ឍន៍នៃចំណេះដឹងខាងផ្នែកទទួលព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវត្តី និង បណ្តាញសង្គមហ្វេសបុក វេបសាយ …។ល។ ការចែករំលែកនូវចំណេះដឹង ការស្វែងយល់អំពីផលប្រយោជន៍ ធ្វើឲ្យមនុស្សមានចំណេះដឹងខាងផ្នែកច្បាប់មួយចំនួន កេងចំណេញយកផលប្រយោជន៍ពីការប្រព្រឹត្តស្រដៀងគ្នាបន្តិចបន្តួច ឬក៏ធ្វើជាមិនដឹងមិនឭ មិនឃើញហើយឆ្លើយដោះស្រាយរងចាំខាងជំនាញ និងប្រើប្រាស់ពាក្យពិបាក យ៉ាប់ណាស់ សល់ពីអ្នកមុនមក ដោយជាពាក្យដោះសាររបស់មន្ត្រីអាជ្ញាធរមួយចំនួនដែលទទួលបានផលកំរៃនៃអំពើអសកម្ម ការអនុញ្ញាត ធ្វើមិនដឹងមិនឭ បន្ទាប់ពីបណ្តែតបណ្តោយឲ្យមានភាពមិនប្រក្រតីកើតឡើងរួចហើយនោះ។

ទាក់ទិនទៅនិងចំណងជើង { ល្មមដល់ពេលចាត់វិធានការតាមសង្កាត់នានានៅក្នុងខណ្ឌទួលគោកម្តងហើយ } ដោយប្រជាពលរដ្ឋបានលើកយកបញ្ហាសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានសង្កាត់មួយចំនួននៅក្នុងខណ្ឌទួលគោក មកនិយាយរៀបរាប់ថា ភាពអសកម្មមួយចំនួនដូចជា ការលក់ដូរតាមចិញ្ចើមផ្លូវ ការបណ្តែតបណ្តោយឲ្យមានសំណង់មិនរៀបរយជាតូបសង់លើចិញ្ចើមផ្លូវ សំយ៉ាបមកទល់បង្គោលភ្លើង របងផ្ទះចាប់ពីខាងមុខផ្ទះមកដល់របងប្រែក្លាយទៅជាឃ្លាំងដោយគ្មានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ការសង់រោងដែកលក់លើចិញ្ចើមផ្លូវឬសំយ៉ាបរមូលពីរបងផ្ទះរបងឃ្លាំងផ្សេងៗលក់ហើយយកផ្លូវធ្វើជាចំណតម៉ូតូរថយន្ត កន្លែងខ្លះទៀតយកចិញ្ចើមផ្លូវនិងផ្លូវធ្វើជាចំណតផ្ញើរកង់ម៉ូតួ លាងម៉ូតូ កាត់សក់ លក់ខោរអាវ រថយន្តតាក់ស៊ី។

ដូចនៅជុំវិញសាលាខណ្ឌទួលគោក ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ១ មានកន្លែងកាប់សាច់រថយន្តនិងកន្លែងលក់រថយន្ត ដែលម្ចាស់អាជីវកម្មយកទីតាំងចិញ្ចើមផ្លូវដាក់គ្រឿងសម្ភារៈ ទ្វារ តួ គ្រោងរថយន្ត និង ចតរថយន្ត ដើម្បីជួសជុល ផ្ទេរ លក់ដូរ ស្តុបទុកទាំងយប់ថ្ងៃ ដោយគ្មានអាជ្ញាធរសង្កាត់ខណ្ឌអាចដោះស្រាយជូនប្រជាពលរដ្ឋធ្វើដំណើរដោយស្រួលបានឡើយ ហើយការកកស្ទះចរាចរសព្វថ្ងៃដោយសារបញ្ហាទាំងអស់នេះហើយដែររួមផ្សំ និង ការមិនចូលរួមគោរពច្បាប់ចរាចរពីសំណាក់អ្នកបើកបរផងដែរ។

ដោយបញ្ហាទាំងអស់នេះហើយដែលជាប្រធានបទមួយចំណុចតូច ដែលប្រជាពលរដ្ឋនិងស្វែងយល់ ពិភាក្សានៅតាមតុកាហ្វេគុយទាវ តាមតំបន់ផ្សេងៗដើម្បីជ្រើសរើសដែលខ្លួនអាចគិតថាអាជ្ញាធរណាធ្វើការងារ មានលទ្ធិភាពដោះស្រាយ និងបញ្ហាផ្សេងៗទៀត។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខណ្ឌ លោកអភិបាលរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាផ្សេងៗ ដូចជាសណ្តាប់ធ្នាប់ ផ្លូវខូច សំយ៉ាប រោងដែក សំណង់តូបផ្សេង នៅក្នុងខណ្ឌទួលគោកផង៕

photo_2016-10-14_19-28-09

មតិយោបល់