ព័ត៌មានជាតិ

Update៖ ម៉ូតូសណ្តោងរឺម៉កដឹកត្រីងៀតសំយ៉ុង បុកម៉ូតូធូឌេឆ្លងផ្លូវ ផ្លោងទៅបុករថយន្តចតចោល បណ្ដាលឲ្យប្រុសស្រី ២នាក់របួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរឺម៉កដឹកត្រីងៀតសំយ៉ុង បុកម៉ូតូធូឌេជិះឆ្លងផ្លូពេញទំហឹង រួចហោះផ្លោងទៅបុករថយន្ត ដែលចតចោលលើចិញ្ចើមផ្លូវ បណ្តាលឲ្យម្ចាស់ម៉ូតូ និងរឺម៉ករបួសធ្ងន់ទាំងពីរ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សារឬស្សីកែវ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្អូនស្រីម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Today ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កណ្តាល 1T-8766 តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ប្អូនស្រីក៏ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្នក៏ត្រូវបានម៉ូតូសណ្តោងរឺម៉កដឹកត្រីងៀតសំយ៉ុង១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1BH-3442 ធ្វើដំណើរពីជើងទៅត្បូងបុកគ្នាពេញទំហឹង បណ្ដាលឲ្យហោះផ្លោងទៅបុករថយន្តម៉ាកលុចស៊ីស RX-350 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-6118 ដែលចតចោលលើចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាត បែកធ្លាក់កាងក្រោយ រងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រ៉ឺម៉ក និងម៉ូតូ រងរបួសធ្ងន់ទាំងពីរ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរ៉ឺម៉កសងថ្លៃខូចខាតទៅភាគីម៉ូតូធូឌេ ចំនួន ១៥០ដុល្លារ និងរថយន្តរងគ្រោះ៣០០ដុល្លារបញ្ចប់រឿង៕

មតិយោបល់