ភ្នំពេញៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ជួបនូវសំណាងល្អមួយក្នុងមួយពាន់គ្រោះថ្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តកុងតៃន័របើកបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលកៀររថយន្តកូរ៉េឃ្លប់ដឹកភេសជ្ជៈ គាបជាប់ក្មេងក្នុងកាប៊ីនអស់រយៈពេលជិត១ម៉ោង ទើបយកក្មេងចេញបាន រួចផុតពីគ្រោះថ្នាក់ គ្រាន់តែរលាត់ជើងបន្តិចបន្តួច រថយន្តខ្ទេចរួញផ្នែកខាងមុខ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តគោកខ្សាច់ ភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ភាគីខាងរថយន្តរងគ្រោះ កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ឃ្លប់ពណ៌ស ពាក់ផ្លាកលេខ យ1518 ភព3 បើកបរដោយឈ្មោះ អឿន សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតភូមិក្តីតាហុក ឃុំពោធិរំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ រួមដំណើរជាមួយ ក្មួយប្រុសឈ្មោះ លី វណ្ណេត អាយុ១៤ឆ្នាំ មុខរបរ សិស្ស ទើបមកលេង ឪពុកមា (អ្នកបើកបរ) មានទីលំនៅឯស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េឃ្លប់ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ប្រភេទកុងតៃន័រ ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3F-0232 អូសសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-7422 បើកស្របទិសល្បឿនលឿន វ៉ាជែងពីខាងស្តាំ បត់ឆ្វេងកាត់ពីមុខវឹង គោលបំណងត្រឡប់ក្រោយ ជ្រុលកៀររថយន្តកូរ៉េឃ្លប់ បណ្តាលឲ្យគាបរួញ ជាប់ក្មេងប្រុសក្នុងកាប៊ីន អ្នកបើកបរមិនមានរងរបួស រីឯអ្នកបើកបររថយន្តកុងតៃន័រ ឃើញសភាពមិនស្រួលលោតចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ក្មេងប្រុសគាបជាប់ក្នុងកាប៊ីនរថយន្ត អស់រយៈពេលជិត១ម៉ោង ត្រូវបានប្រជាពលរដ្ឋ កម្លាំងអន្តរាគមន៍អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ ជួយយកក្មេងចេញក្រៅ តែសំណាងល្អមិនមានរងរបួស គ្រាន់តែរលាត់ជើង ក្រុមសង្គ្រោះជួយជូតលាងរុំរបួស និង ឧបត្ថម្ភថវិកាមួយចំនួនគ្រាន់ហូបបាយ ។
រថយន្តទាំង២គ្រឿងគាបជាប់គ្នាដោះមិនចេញ ត្រូវបានរថយន្តសង្គ្រោះ ប្រភេទកាត់ ជួយអូសទាញយកចេញ ប្រគល់ឲ្យសមត្ថកិច្ចយកដាក់កៀនខាង ដើម្បីបញ្ជៀសការកកស្ទះចរាចរ ។
ករណីខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ វាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំតំណាងខាងភាគីរថយន្តកុងតៃន័រចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់