ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងទំពុន តាមបណ្ដោយផ្លូវលេខ ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងរថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់។
ជនរងគ្រោះឈ្មោះ ហួត វាសនា ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងទង ស្នាក់នៅភូមិតាលុន ឃុំតាលុន ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់)។ ចំណែកអ្នកបើករថយន្តឈ្មោះ ស្រេង ហុង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្ត្រីនគរបាលពាក់ស័ក្ដិ៤ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ ដំបូងទ្បើងគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស្កូបពី១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AB-9610 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនក៏ជ្រុលចង្កូត ទៅបុករថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ1S-2947 ចំពីខាងមុខពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង រួចយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។ រីឯសពវិញ បន្ទាប់ពីធ្វើកំណត់ហេតុ រួចក៏ប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់