ភ្នំពេញៈ កាលពីវេលម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់ នៅតាមផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះ (ប្រពន្ធ) មានឈ្មោះ ជា ស្រីលីង ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិវៀល ឃុំបុសមន ស្រុករំដួល ខេត្ត ស្វាយរៀង។ រីឯប្តីរបួសស្រាល មានឈ្មោះ វ៉ាន់ លីណា អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្ររស់នៅភូមិជាមួយគ្នា មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមសម្ដីជនរងគ្រោះបុរសជាប្ដី បានប្រាប់ទាំងទឹកភ្នែកថា រូបគាត់និងភរិយា បានឌុបគ្នាមកពីលេងផ្ទះមីង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង បំណងទៅផ្ទះជួលវិញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក FUSO ប្រភេទក្រឡុកស៊ីម៉ង់ ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3A-3143 ធ្វើដណើរស្របទិសគ្នាមកពីក្រោយ បានទាក់ដៃចង្កូតម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលធ្វើឲ្យនារីជាប្រពន្ធ ដែលមិនបានពាក់មួកសុវត្ថិភាព បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ រីឯបុរសជាប្ដី បានពាក់មួកសុវត្ថិភាពរងរបួសស្រាល ។
ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ នៅនិងកន្លែងនោះទេ បានព្យាយាមបើករត់គេច បានប្រហែលជិត១គីឡូម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានរថយន្ត តែតៃកុងរថយន្តបង្កបានគេចខ្លួនបាត់។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ។ ឯសពនារីរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យប្ដី និងសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់