ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តរមានជ័យ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានកោះហៅឈ្មោះ ធួន ផាណា មកសាកសួរពាក់ព័ន្ធនឹងករណីកាច់ដៃកាច់ជើងកុមារាម្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មានហ្វេសប៊ុកមួយចំនួនបានបង្ហោះព័ត៌មានថា ឈ្មោះ ផាណា នេះបានកាច់ដៃកាច់ជើងកូនចុងរបស់ខ្លួនដែលមានអាយុមិនទាន់បាន១ឆ្នាំ ស្រួលបួលផង។ ក្រោយកើតហេតុ ម្ដាយកុមាររងគ្រោះបាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីអោយចាត់ការឈ្មោះធួន ផាណា តាមផ្លូវច្បាប់។
បច្ចុប្បន្នឈ្មោះ ធួន ផាណា កំពុងសាកសួរនៅការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន ៕
មតិយោបល់