កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហាមដាច់ខាតធ្វើការផាកពិន័យទៅលើរថយន្តដែលបងប្អូនប្រជាពលរដ្ឋទើបទិញថ្មីៗមិនទាន់មានស្លាកលេខ ក្នុងករណីពួកគាត់មានឯកសារបញ្ជាក់ត្រឹមត្រូវ ។ ចំណុចដែលត្រូវបានផាកពិន័យចំពោះរថយន្តមានចំនួន៩ចំណុចសំខាន់ៗ រីឯម៉ូតូមានចំនួន៧ចំណុច ក្រៅពីនោះមិនត្រូវផាកពិន័យឡើយ ។ បន្ថែមពីលើនោះទៀត មិនត្រូវឃាត់អ្នកបើកបរឲ្យឈប់ដើម្បីសួរនាំរកចំណុចល្មើសនោះទេ ពេលឃើញចំណុចល្មើសច្បាប់ណាមួយចាំឃាត់ត្រួតពិនិត្យ ។ ដោយឡែកគោលដៅត្រួតពិនិត្យមិនមានសិទ្ធិធ្វើការផាកពិន័យនៅគៅលដៅទេ ត្រូវចេញក្រដាសផាកពិន័យឲ្យទៅអ្នកបើកបរល្មើសច្បាប់ទៅបង់ប្រាក់ពិន័យនេះ នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក ឬការិយាល័យជំនាញ ដែលនៅជិតទីតាំងត្រួតពិនិត្យច្បាប់ចរាចរណ៍នោះ ។
នេះជាប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលបានណែនាំទៅកាន់មន្ត្រីនគរបាលចរាចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកស្នងការរង នាយ-នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការ-អធិការរងនគរបាលក្រុងតាខ្មៅ និងមន្ត្រីនគរបាលចរាចរណ៍ខេត្ត-ក្រុងតាខ្មៅផងដែរ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនត្រូវបើកបរល្មើសច្បាប់នោះទេ ចំពោះករណីមន្ត្រីនគរបាលណាម្នាក់បើកបរមិនគោរពច្បាប់នឹង ត្រូវធ្វើការផាកពិន័យដូចបងប្អូនប្រជាពលរដ្ឋ មួយផ្នែកទៀតត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ ៕
មតិយោបល់